ព័ត៌មានសេដ្ឋកិច្ច

បញ្ជាក់ជាថ្មី! បន្ទប់ទឹកសាធារណៈទាំងអស់ មិនត្រូវគិតថ្លៃសេវាឡើយ

បន្ទប់ទឹកសាធារណៈទាំងអស់ គឺមិនត្រូវគិតថ្លៃសេវាឡើយ ព្រោះដើម្បីចូលរួមចំណែកសម្អាតបរិស្ថានទីប្រជុំជន ឲ្យកាន់តែមានសោភ័ណភាព និងអនាម័យ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រកាសកាលពីពេលថ្មីៗនេះថា គ្មានគោលការណ៍តម្រូវឲ្យសាធារណជនបង់ថ្លៃសេវាប្រើប្រាស់បន្ទប់ទឹកសាធារណៈនោះទេ ពោលគឺ ប្រជាពលរដ្ឋអាចប្រើប្រាស់ដោយមិនគិតលុយកាក់ឡើយ។

ក្រៅពីនោះ លោក សាំ ពិសិដ្ឋ ក៏សំណូមពរ ឲ្យពលរដ្ឋជួយចូលរួមសម្អាតបង្គន់សាធារណៈផង ពេលប្រើប្រាស់រួច ដើម្បីថែរក្សាកន្លែងទាំងនោះឲ្យមានក្លិនល្អ រក្សាបាននូវអនាម័យ សម្រាប់ជាប្រយោជន៍រួម។

យោងតាមគេហទំព័ររបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងករណីមានការទារថ្លៃចូលបន្ទប់ទឹក សាធារណជន អាចទាក់ទងមកកាន់លេខ ទូរស័ព្ទ 012 778845 ឬ 011 836464។

គួរជម្រាបដែរថា សាលារាជធានីភ្នំពេញ ទើបតែបញ្ចប់ការសាងសង់បង្គន់សាធារណៈថ្មី ចំនួន ៨កន្លែង នឹងដាក់ឲ្យដំណើរការដោយគ្មានការបង់ថ្លៃសេវានោះទេ តែសាធារណជន អាចជួយឧបត្ថម្ភដល់អ្នកសម្អាតបាន៕

មតិយោបល់