ធនាគារកសិកន របស់ថៃ បានបើកសាខាដំបូងរបស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងគម្រោងផ្តល់កម្ចី ១.៥ពាន់លានបាត (៤៧លានដុល្លារអាមេរិក) ទៅដល់ម្ចាស់អាជីវកម្មផងដែរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
លោក Predee Daochai អគ្គនាយកធនាគារកសិកន បានលើកឡើងថា កម្ពុជា ជាប្រទេសមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និងមានសមត្ថភាពក្នុងការផលិតទំនិញ មានតម្រូវការទីផ្សារខ្ពស់ ហើយទាក់ទាញទាំងវិនិយោគិនបរទេស ទាំងវិនិយោគិនថៃ។
លោករំពឹងដែរថា វត្តមានថ្មីនៃធនាគារកសិកន នឹងជួយសម្រួលដល់ពាណិជ្ជករថៃ ក្នុងផ្នែកហិរញ្ញវត្ថុពាណិជ្ជកម្ម កំណែនមូលនិធិសម្រាប់ការវិនិយោគ ជាដើម។
លោក Predee បង្ហាញក្តីសង្ឃឹមថា ធនាគារកសិកន នឹងជួយជម្រុញដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ហើយប្រសិនបើធនាគារទី ១ ដំណើរការបានល្អ លោកនឹងបន្ថែមសាខាទី ២ ជាបន្តបន្ទាប់។
ធនាគារកសិកន ជាធនាគារពាណិជ្ជទី ៤ របស់ថៃ ដែលបានចូលមកវិនិយោគលើផ្នែកហិរញ្ញវត្ថុ នៅកម្ពុជា បន្ទាប់ពីធនាគារ Bangkok Bank ធនាគារ Krungthai Bank និងធនាគារ Siam Commercial Bank។
មតិយោបល់