ភ្នំពេញៈ ពិតជាឈាមស្រែក ស្បែកហៅមែន ក្រោយពីការស្លាប់របស់នារីរងគ្រោះរួចហើយនោះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនឹងនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានបើកប្រតិបត្តិការស្រាវជ្រាវឈានទៅដល់ការចាប់ខ្លួនជនសង្ស័យដែលជាឃាតក និងជាពូបង្កើតរបស់ជនរងគ្រោះបានហើយកាលពីយប់ថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញនេះ។
ជនសង្ស័យដែលជាឃាតកខាងលើមានឈ្មោះ ពៅ វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ ។
ចំណែកជនរងគ្រោះដែលត្រូវបានជនសង្ស័យធ្វើសកម្មភាពរឹតកសម្លាប់ ប្លន់យកលុយខាងលើនេះ មានឈ្មោះ ពៅ សុភក្តិ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ ត្រូវជាក្មួយបង្កើតរបស់ជនសង្ស័យ។
គួររំឭកផងដែរថា កាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រែកជាងព្រំ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មានករណីឃាតកម្មមួយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលនារីរងគ្រោះ នៅផ្ទះតែ២នាក់ប្អូនស្រី អាយុ២ឆ្នាំម្នាក់ ដោយឪពុកម្តាយ ចេញទៅធ្វើការខាងក្រៅអស់ លុះដល់វេលាម៉ោងកើតហេតុ ស្រាប់តែក្មេងស្រីអាយុ២ឆ្នាំនោះ បានរត់ស្រែកយំចេញមកខាងក្រៅផ្ទះ ក៏មានការភ្ញាក់ផ្អើលទៅដល់អ្នកជិតខាង និងកម្លាំងមានសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ផងដែរ។
ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចអះអាងថា មូលហេតុបណ្តាលមកពីជនសង្ស័យប្លន់យកលុយតែប៉ុណ្ណោះ ៕
មតិយោបល់