ព័ត៌មានបច្ចេកវិទ្យា

Nissan ចេញម៉ាម៉ូដនេះ តម្លៃត្រឹមនេះ ពេលចេញដឹងតែគេដូរ​មកជិះឡានអគ្គីសនីវិញហើយ!

វាពិតជារឿងមួយគួរឱ្យភ្ញាក់ផ្អើលបំផុត នៅពេលដែលឃើញរចនាបថថយន្តអគ្គីសនីគំរូម៉ូឌែលថ្មីរបស់ក្រុមហ៊ុន Nissan នេះ មានរូបរាងយ៉ាងប្រណិតអស្ចារ្យ និងអាចបរចម្ងាយ ២៥០ គីឡូម៉ែត្រ បន្ទាប់ពីបានសាកថាមពលពេញម្តងៗ។

ក្រុមហ៊ុន Nissan ត្រូវគេមើលឃើញថា បានធ្វើទំនើបកម្មរថយន្តអគ្គីសនីរបស់ខ្លួនយ៉ាងឆាប់រហ័ស ជាមួយតម្លៃសមរម្យអាចទទួលយកបាន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដំបូងឡើយក្នុងឆ្នាំ ២០១០ រថយន្តអគ្គីសនីត្រកូល Leaf នេះ អាចធ្វើដំណើរបានត្រឹមតែចម្ងាយ ៧៥ គីឡូម៉ែត្រ និងឆ្នាំ ២០១៣ ​បានត្រឹមតែ ៨៣ គីឡូម៉ែត្រ ប៉ុន្តែ មកដល់ឆ្នាំ ២០១៧ ក្រុមហ៊ុនបានបញ្ចេញគំរូម៉ូដ Leaf ស៊េរី ២០១៨ ដែលនឹងអាច​បរបានដល់ទៅជិត ៣០០ គីឡម៉ែត្រ តាមរយៈការបង្កើនថាមពលអាគុយកម្លាំង ៣០ គីឡូវ៉ាត់ម៉ោង។

បើយោងតាមគំរូម៉ូដដែលបានបង្ហាញ រូបរាងខាងក្រៅរបស់វា គឺមិនចាញ់រថយន្តស៊េរីប្រណិតៗប៉ុន្មានឡើយ។ វាមានទ្វា ៥ ចង្កៀងមុខ-ក្រោយភ្លឺថ្លា រចនាជាមួយអំពូល LED ដ៏ស្រស់ស្អាត ក្បាលរាងលយក្រាបទាបចុះក្រោម ឯគូដក្រោយធំរាងបាស់ឡើងលើបន្តិច ចំណែករបាំងកញ្ចក់មុខរាងទេរទាប និងលាតសន្ធឹងដល់លើកៅអីអង្គុយរបស់អ្នកបើកបរតែម្តង។

ផ្ទៃខាងក្នុងរថយន្ត Nissan Leaf ស៊េរី 2018 ក៏នឹងមានការផ្លាស់ប្តូរគួរឱ្យ​កត់​សម្គាល់ផងដែរ។ វានឹងមានភាពទំនើបដូចជារថយន្តថ្ងៃអនាគត ជាជាងរថយន្តសម័យបច្ចុប្បន្ន ដោយសារការបំពាក់បច្ចេកវិទ្យាថ្មីៗ ការទាញយកថាមពលពីអាគុយកាន់តែមានប្រសិទ្ធភាព ហើយតម្លៃវិញនឹងមិនលើសពី ៣៥,០០០ ដុល្លារនោះ។

អ្នកវិភាគមួយចំនួន ជឿថារថយន្តគំរូថ្មីនេះ នឹងបំពាក់អាគុយ ៦០ គីឡូវ៉ាត់ម៉ោង ដែលនឹងអាចធ្វើដំណើរលើចម្ងាយផ្លូវបានកាន់តែឆ្ងាយ ដើម្បីប្រកួតប្រជែងជាមួយរថយន្តអគ្គីសនីពីក្រុមហ៊ុន Tesla និង Chevrolet ដែលកំពុងតែកើនប្រជាប្រិយភាពគួរឱ្យកត់សម្គាល់នៅលើទីផ្សាររថយន្តអគ្គីសនីពិភពលោក៕

ប្រភពព័ត៌មានៈ carsintrend, nissan-infinite

 

 

មតិយោបល់