ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា ជាប់លេខ ១ ជាកន្លែងល្អបំផុត សម្រាប់ជនជាតិអាមេរិកចូលនិវត្តន៍ក្នុងឆ្នាំ ២០១៧

កម្ពុជា ស្ថិតនៅលំដាប់ទី១ ក្នុងចំណោម ៥ប្រទេស ជាកន្លែងល្អបំផុតសម្រាប់ជនជាតិអាមេរិក សម្រាកលំហែកាយពេលចូលនិវត្តន៍ក្នុងឆ្នាំ ២០១៧។ នេះដោយយោងតាមគេហទំព័រ World Property Journal។

ប្រទេសទាំង ៥ ដែលមានតម្លៃសមរម្យក្នុងការស្នាក់នៅ សម្រាប់ជនជាតិអាមេរិកចូលនិវត្តន៍ លំហែកាយរួមមាន៖

១. ប្រទេសកម្ពុជា

អ្វីដែលជនបរទេសនៅក្នុងប្រទេសកម្ពុជាចូលចិត្តនោះគឺ កម្ពុជាផ្តល់នូវភាពងាយស្រួល និងមានការចំណាយសមរម្យក្នុងការស្នាក់នៅ។ អាផាតមិន មានការរៀបចំបែបលោកខាងលិច តម្លៃជួលប្រហែល ៣០០ដុល្លារអាមេរិកក្នុងមួយខែ នៅទីក្រុងភ្នំពេញ និងនៅក្រុងព្រះសីហនុ មានតម្លៃប្រហែល ២០០ដុល្លារអាមេរិកក្នុងមួយខែ។

២. ប្រទេសនីការ៉ាហ្គ័

ការចំណាយជាប្រចាំ នៅក្នុងប្រទេស​នីការ៉ាហ្គ័ ដែលស្ថិតក្នុងតម្លៃជាមធ្យមពី ១,២០០ដុល្លារអាមេរិក ទៅ ១,៥០០ដុល្លារអាមេរិកក្នុងមួយខែ ដែលក្នុងនោះរួមមានបន្ទប់ស្នាក់នៅមានគ្រែមួយ អាហារ អគ្គិសនី ទឹក អ៊ីនធឺណេត ជាដើម។

៣. ប្រទេសប៉េរូ

ប្រទេសប៉េរូ ត្រូវបានគេដឹងថា ជាគោលដៅសម្រាប់ភ្ញៀវទេសចរ ដែលកំពុងស្វែងដំណើរផ្សងព្រេង មើលទេសភាពស្រស់ស្អាត និងជាកន្លែងផ្ទុកនូវសម្បត្តិបុរាណវិទូ ជាមធ្យមតម្លៃក្នុងការជួលអាផាតមិន ស្ថិតនៅចន្លោះ ៣៥០ដុល្លារអាមេរិកក្នុងមួយខែ។

៤. ប្រទេសកូឡុំប៊ី

ក្នុងអំឡុងឆ្នាំ ២០១៦ ប្រាក់ប៉េសូរបស់ប្រទេសកូឡុំប៊ី ជាមធ្យមអត្រាប្តូរប្រាក់ ៣១០០ប៉េសូ ស្មើនឹង ១ដុល្លារអាមេរិក ដែលធ្វើឲ្យមានតម្លៃសមរម្យសម្រាប់ចំណាយលើការស្នាក់នៅ ក្នុងទីក្រុងដូចជា Pereira តម្លៃក្នុងការជួលអាផាតមិន ដែលមាន ៣បន្ទប់ និងបន្ទប់ទឹក ២ នៅចន្លោះ ៤០០ដុល្លារអាមេរិកទៅ ៦០០ដុល្លារអាមេរិកក្នុងមួយខែ។

៥. ប្រទេសវៀតណាម

ប្រទេសវៀតណាម ជាប្រទេសមួយដែលមានតម្លៃសមរម្យនៅក្នុងការរស់នៅ ក្នុងនោះតម្លៃនៅក្នុងការ ជួលអាផាតមិននៅតំបន់ឆ្នេរសមុទ្យស្ថិតនៅចន្លោះពី ៣៥០ដុល្លារអាមេរិកទៅ ៤០០ដុល្លារអាមេរិក ក្នុងមួយខែនិងតម្លៃចន្លោះ ៥០០ដុល្លារអាមេរិកនៅក្នុងទីក្រុង៕

មតិយោបល់