ភ្នំពេញៈ យុវជនម្នាក់ ជាជនពិការភ្នែកម្ខាង ត្រូវបាននគរបាលចាប់ដាក់ខ្នោះ ដៃបន្ទាប់ពីប្រជាពលរដ្ឋ មួយក្រុមចាប់ខ្លួនបានព្រួតគ្នាវាយទ្រមខ្លួន រួចនាំខ្លួនទៅប្រគល់នគរបាល ដោយចោទថាជាចោរគាស់ផ្ទះ ប៉ុន្តែក្រោយវាយខ្នោះរួចធ្វើការសាកសួរ និងស្រាវជ្រាវទើបដឹងថាច្បាស់ថា យុវជននោះមិនមែនជាចោរនោះឡើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យុវជនរងគ្រោះតែជាប់សង្ស័យថា ចោរទៅវិញនោះ មានឈ្មោះ ទុន រ៉ា ហៅ វ៉ែប អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ជាជនពិការភ្នែកម្ខាងខាងស្ដាំ មានស្រុកកំណើតនៅក្នុងភូមិឫស្សីចចក ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង និងស្នាក់នៅផ្ទះជួលនៅ ក្នុងឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។ បាត់បង់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GF-8391។ ចំណែកម៉ូតូដែលចោរគាស់ផ្ទះរត់ចោលនោះ ម៉ាកស៊ុយហ្ស៊ុយគីស្មាស់វី ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1Z-4829។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាល្ងាចថ្ងៃទី១៣ ខែកុម្ភៈ យុវជនរូបនោះបានជិះម៉ូតូ តាំងពីស្រុកស្អាង ខេត្តកណ្ដាល ធ្វើដំណើមកភ្នំពេញដើរលេង និងចូលផឹកស៊ីរាំលេងនៅក្នុងក្លឹបឌីស្កូ មីតណាយ ស្ថិតនៅនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តែម្នាក់ឯង។ លុះដល់វេលាម៉ោង៣ ទៀបភ្លឺ ទើបសប្បាយអស់ចិត្ត និងបានជិះម៉ូតូស៊េរីទំនើប១គ្រឿង ចេញពីក្នុងក្លឹប ក្នុងបំណងត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែក្រោយពេលចេញបានបន្តិច បានឈប់បត់ជើងតូច ដោយបានទុកម៉ូតូនៅក្រោយខ្នងចម្ងាយប្រមាណ៥ម៉ែត្រពីខ្លួន លុះក្រោយពេលបត់ជើងតូចរួច មិនបានជិះម៉ូតូបន្តទៀតទេ ដោយសារតែស្រវឹងស្រាផង និងងងុយដេកផងភ្លេចថាខ្លួនមានម៉ូតូ ក៏បានប្រាសខ្លួនដេកនៅក្បែរផ្ទះប្រជាពលរដ្ឋជិតនោះ ហើយម៉ូតូក៏ត្រូវបានចោរលួចយកទៅបាត់។ រហូតព្រឹកឡើងក្រោយពេលភ្ញាក់ពីដេក ស្រាប់តែបាត់ម៉ូតូក៏បាន ដើរទៅរកប្រជាពលរដ្ឋ ដើម្បីសួររកប៉ុស្ដិ៍នគរបាល ដាក់ពាក្យបណ្ដឹងរឿងបាត់ម៉ូតូ ប៉ុន្តែគ្រាន់តែចូលទៅដល់ ក៏ត្រូវបាន ប្រជាពលរដ្ឋចាប់វាយទ្រមខ្លួនទៀត ដោយចោទថាជាចោរគាស់ផ្ទះ ព្រោះចំពេលដែលគេកំពុង ដេញតាមចាប់ចោរគាស់ផ្ទះផង។
ក្រោយមកនគរបាលបានធ្វើការស្រាវជ្រាវ ទើបដឹងថាយុវជននោះគឺជា ជនរងគ្រោះ និងបានឲ្យក្រុមគ្រួសារយកឯកសារពាក់ព័ន្ធទៅពិនិត្យមើល រួចដោះលែងឲ្យមានសេរីភាពវិញ៕


https://youtu.be/lga29pBUN8k
មតិយោបល់