ព័ត៌មានអន្តរជាតិ

អាមេរិក និងកាណាដា មានជម្លោះមួយប្រាវ ជុំវិញរឿងជនអន្តោប្រវេសន៍

អាមេរិកៈ ប្រធានា​ធិបតី​​អាមេរិកលោក​ ដូណាល់ ​ត្រាំ​ និង​លោក​ Justin Trudeau​ នាយក​រដ្ឋ​មន្រ្តី​​ប្រទេស​កាណាដា ​មាន​ការ​ខ្វែង​គំនិត​គ្នាស្តីពី​ពាណិជ្ជកម្ម​ និងជន​អន្តោ​ប្រវេសន៍​ នៅ​ពេល​ដែលមេដឹកនាំ​ទាំង​ពីរ បាន​ជួប​គ្នា​ជា​លើក​ទី​មួយ កាល​ពី​ថ្ងៃ​ចន្ទ​នៅ​សេតវិមាន។​ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

​លោក ត្រាំ​ អាចនឹងស្វះ​ស្វែង​ធ្វើ​ការ​ចរចា​ឡើង​វិញ​ ឬ​បោះ​បង់​ចោល​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ សម្រាប់​តំបន់​អាមេរិក​ខាង​ជើងក្នុង​ឆ្នាំ​១៩៩៤​ ដែល​រួម​មាន​សហរដ្ឋ​អាមេរិក កាណាដា ​និង​ម៉ិកស៊ិកជាដើម ដោយផ្ដោតលើ​លក្ខខណ្ឌណា ​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សហរដ្ឋ​អាមេរិក។

កិច្ច​ព្រម​ព្រៀង​នេះ ​គឺបានផ្ដល់សារៈ​សំខាន់ ​សម្រាប់​រដ្ឋាភិបាល​កាណាដា ​និង​​ក្រុង​វ៉ាស៊ីនតោន លើ​ការ​នាំ​ចេញ​ទំនិញ​របស់​កាណាដា​ចំនួន​ ៧៥​ ភាគរយ​ទៅ​កាន់​​អាមេរិក ​តែចំពោះ​ការនាំ​ទំនិញ​ចេញ​អាមេរិកទៅ​កាន់កាណាដាវិញមាន​ ១៨​ភាគរយ​ប៉ុណ្ណោះ។

សូមជំរាបថា លោក​នាយក​រដ្ឋ​មន្រ្តី​កាណាដា Trudeau ​និង​ប្រធានា​ធិបតី​អាមេរិក ដូណាល់ ​ត្រាំ ​មានការ​ខ្វែង​គំនិត​យ៉ាង​ខ្លាំង​លើ​បញ្ហា​ជនអន្តោប្រវេសន៍ ​ដោយ​មេ​ដឹក​នាំ​កាណាដា​ស្វាគមន៍​ជន​ភៀស​ខ្លួន​ស៊ីរី​ ៤​ម៉ឺន​នាក់ ​ខណៈ​ដែល​ប្រធានា​ធិបតី​ត្រាំ ​កំពុងប្រឈម​ការ​ប្តឹងផ្តល់​នៅ​តុលាការ ជុំវិញ​​បទបញ្ជាដាក់កំហិតហាមឃាត់ជនអន្តោប្រវេសន៍ ប្រទេសមូស្លីមទាំង ៧ ចូលមកជាន់ដីអាមេរិកជា​បណ្តោះ​អាសន្ន​ ដែល​ធ្វើឲ្យពលរដ្ឋផ្ទុះការតវ៉ាយ៉ាងខ្លាំងក្នុងប្រទេស រួមទាំងការរិះគន់ពីអន្តរជាតិផងដែរ៕

មតិយោបល់