ព័ត៌មានសេដ្ឋកិច្ច

ចាប់ពីថ្ងៃនេះតទៅ បង់ថ្លៃអគ្គិសនីតាមវីង ក្រោម ១០ម៉ឺនរៀល គឺមិនគិតថ្លៃសេវា

ការបង់ថ្លៃអគ្គិសនីក្រោម ១០ម៉ឺនរៀល តាមភ្នាក់ងារវីង គឺមិនត្រូវគិតថ្លៃសេវាទៀតនោះទេ។ នេះបើយោងតាមការឲ្យដឹងនៅថ្ងៃនេះពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចបានបញ្ជាក់ថា លោកឧកញ៉ា គិត ម៉េង បានឲ្យដឹងនៅព្រឹកនេះថា ការបង់ថ្លៃអគ្គិសនី ក្រោម ១០ម៉ឺនរៀល តាមភ្នាក់ងារវីង គឺមិនត្រូវបានគិតថ្លៃសេវាទៀតនោះទេ ហើយសេវានេះ ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃនេះតទៅ។

ធនាគារឯកទេសវីង ខេមបូឌា ដែលជាធនាគារផ្តល់សេវាផ្ទេរប្រាក់ចល័តដំបូងគេ នៅក្នុងប្រទេសកម្ពុជា បានទទួលពានរង្វាន់ជា ធនាគារឯកទេសផ្នែកសេវាហិរញ្ញវត្ថុចល័តឈានមុខគេ នៅកម្ពុជាក្នុងឆ្នាំ ២០១៦ ដែលផ្តល់ដោយស្ថាប័ន Global Business Outlook។

រង្វាន់នេះ បានបង្ហាញថា វីង បានខិតខំយ៉ាងខ្លាំងដើម្បីកសាង មូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការ ជំរុញសេវាផ្ទេរប្រាក់ ទៅកាន់អ្នកដែលមាន ឬក៏គ្មានគណនីធនាគារ។ ជាមួយភ្នាក់ងារវីង ជិត ៥០០០ កន្លែង នៅទូទាំង ២៥ខេត្តក្រុង ប្រជាជនកម្ពុជាទាំងអស់អាចបង់វិក្កយបត្រ ឬ ទទួលប្រាក់ពីសាច់ញាត្តិដែលធ្វើការនៅទីក្រុង ឬក៏ ដាក់ប្រាក់ចូលទៅក្នុងគណនីបានដោយងាយស្រួល។

គួរបញ្ជាក់ផងដែរថា Global Business Outlook គឺជាក្រុមហ៊ុនដែលមានទីតាំងនៅចក្រភពអង់គ្លេស និងធ្វើការផ្តោតទៅលើវិស័យធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងឧស្សាហកម្មសំខាន់ៗផ្សេងៗទៀត៕

មតិយោបល់