ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្ថែមមណ្ឌលត្រួតពិនិត្យបច្ចេកទេសយានជំនិះថ្មី នៅបឹងស្នោ រាជធានីភ្នំពេញ។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ការបើកបន្ថែមនូវ ទីតាំងថ្មីនេះ គឺស្ថិតនៅលើផ្លូវជាតិលេខ ១ ប្រហែល ១គីឡូម៉ែត្រពី បុរីប៉េងហួតបឹងស្នោ ដែលត្រូវបានឲ្យដាក់ដំណើរការជាផ្លូវការហើយ ដើម្បីជួយសម្រួលដល់ការផ្តល់សេវា កាន់តែប្រសើរ និងខិតជិតទៅប្រជាពលរដ្ឋ។
គិតមកទល់ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យដំណើរការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសសរុប ១៣កន្លែង និងរថយន្តត្រួតពិនិត្យបច្ចេកទេសចល័តចំនួន ២គ្រឿងផ្សេងទៀត ចល័តទូទាំងប្រទេស។
ដូចនេះ បងប្អូនប្រជាពលរដ្ឋ ដែលត្រូវដល់កាលកំណត់យកយានជំនិះទៅត្រួតពិនិត្យបច្ចេកទេស អាចយកយានជំនិះរបស់ខ្លួន ទៅទទួលសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅទីតាំងថ្មីខាងលើ ឬនៅទីតាំងណាមួយទូទាំងប្រទេស៕
មតិយោបល់