ព័ត៌មានសេដ្ឋកិច្ច

ផ្សារមូលបត្រកម្ពុជា នឹងអាចជួញដូរតាមអនឡាញ នៅខែកក្កដាខាងមុខនេះ

ផ្សារមូលបត្រកម្ពុជា នឹងរៀបចំឲ្យមានការជួញដូរតាមអនឡាញ នៅក្នុងខែកក្កដាខាងមុខ ដើម្បីផ្តល់ភាពងាយស្រួល និងសេរីភាពដល់វិនិយោគិន​ ក្នុងការជួញដូរផ្ទាល់នៅលើទីផ្សារ និងវិសាលភាពនៃ ការផ្សព្វផ្សាយព័ត៌មានទាន់ពេលវេលា។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

នៅពាក់កណ្តាលឆ្នាំ ២០១៧នេះ ផ្សារមូលបត្រកម្ពុជា នឹងរៀបចំឲ្យមានវិធីសាស្រ្តជួញដូរដោយផ្ទាល់ ប្រភេទបញ្ជរទីផ្សារ និងការដំឡើងដែនកំណត់ថ្លៃពី ៥% ទៅ ១០% ដែលគ្រោងនឹងដាក់ដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ ហើយយន្តការនេះ នឹងជួយបង្កើនទំហំជួញដូរ អនុញ្ញាតិឲ្យវិនិយោគិនអាច កេងចំណេញពីការឡើងចុះនៃថ្លៃ បានច្រើនជាងមុខ។

ផ្សារមូលបត្រកម្ពុជា ក៏កំពុងសិក្សាអំពីលទ្ធភាពនៃ ការតភ្ជាប់ ការជួញដូរជាមួយផ្សារហ៊ុននៅប្រទេសជិតខាង ដូចជាប្រទេសថៃជាដើម។

ប្រសិនបើរាជរដ្ឋាភិបាលអនុញ្ញាត នោះវិនិយោគិនបរទេសអាចទិញលក់ភាគហ៊ុនកម្ពុជា ដោយប្រើគណនីដែលយើងមានស្រាប់ ជាពិសេសផ្សារមូលបត្រកំពុងសិក្សាលទ្ធភាព ដើម្បីឲ្យក្រុមហ៊ុនចុះបញ្ជីនៅកម្ពុជា អាចទៅចុះបញ្ជីនៅផ្សារផ្សេងទៀតបាន ហើយក្រុមហ៊ុននៅផ្សារផ្សេងនោះ អាចមកចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាបាន។

គួររម្លឹកដែរថា ទីផ្សារភាគហ៊ុនកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈចំនួន ៤ គឺ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រុមហ៊ុនហ្រ្គេន ធ្វីន កំពង់ផែស្វយ័តភ្នំពេញ និងភ្នំពេញអេសអ៊ីហ្សិត ហើយនៅចុងខែមីនាខាងមុខនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយជាក្រុមហ៊ុនទី ៥ ដែលនឹងចុះបញ្ជីលក់ភាគហ៊ុន៕

មតិយោបល់