លោក Alwaleed Bin Talal នាយកក្រុមហ៊ុន Kingdom Holding Co. នឹងចាប់ដៃគូជាមួយក្រុមហ៊ុន Alinma Investment ដើម្បីសាងសង់អគារខ្ពស់ជាងគេបំផុតលើលោក ឈ្មោះថា Jeddah Tower ដែលមានកម្ពស់ ២០៥ជាន់ និងគ្រោងចំណាយទឹកប្រាក់ប្រមាណជា ២០ពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ Business Insider។
អគារ Jeddah Tower នៃគម្រោង Jeddah Economic City ត្រូវបានគេរំពឹងទុកថា នឹងបញ្ចប់នៅឆ្នាំ២០២០ ខាងមុខនេះ ហើយនឹងក្លាយជាអគារខ្ពស់ជាងគេបំផុតលើលោក ដែលមានកម្ពស់ ៣,២៨០ហ្វីត (១០០០ម៉ែត្រ) និង ២០៥ជាន់ រួមមាន សណ្ឋាគារ អាផាតមិន និងការិយាល័យជាដើម។
យ៉ាងណាមិញ តាមការប៉ាន់ប្រមាណនៅតំបន់អាស៊ី និង មជ្ឈិមបូព៌ា នៅឆ្នាំ ២០២០ អគារចំនួន ៧ នៅតំបន់អាស៊ី ស្ថិតក្នុងចំណោមអគារខ្ពស់ជាងបំផុតទាំង ១០ លើលោក ដែលក្នុងនោះមានអគារចំនួន ៣ ដែលស្ថិតនៅមជ្ឈិមបូព៌ាក្នុង អារ៉ាប់ឌីសាអូឌីត។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១០ អគារ Burj Khalifa បានជាប់ជាអគារដែលខ្ពស់ជាងគេបំផុតលើលោក ដែលមានកម្ពស់ ២,៧១៧ហ្វីត (៨២៨ម៉ែត្រ) និង ១៦៣ជាន់ ដែលស្ថិតនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់៕
មតិយោបល់