ធនាគារអេស៊ីលីដា បានសម្រេចប្តូររូបសញ្ញា សត្វហង្សចេញ ជំនួសដោយរូបសញ្ញាជាអក្សរ អេស៊ីលីដា វិញ ដើម្បីចៀសវាងការច្រឡំថា ជាធនាគាររបស់រដ្ឋ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអេស៊ីលីដា ធ្វើឡើងប្រមាណជា ១ម៉ោងមុននេះ។
ធនាគារអេស៊ីលីដា នៅតែមានប្រតិបត្តិការបម្រើអតិថិជន និងសាធារណជនជាធម្មតា។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងថាសព្វថ្ងៃនេះ នៅទីជនបទ កំពុងមានការភ័ន្តច្រឡំខ្លាំងណាស់ ដោយបានចាត់ទុកថា ធនាគារអេស៊ីលីដា ជាធនាគាររបស់រដ្ឋ ដោយរូបហង្ស មានលក្ខណៈស្រដៀងគ្នាទៅនឹង រូបហង្ស នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យ៉ាងណាមិញ ធនាគារ អេស៊ីលីដា ភីអិលស៊ី ចេញសេចក្តីប្រកាសព័ត៌មាន និងបញ្ជាក់យ៉ាងច្បាស់ថា ជាធនាគារឯកជនសុទ្ធសាធ មិនមែនជារបស់រដ្ឋាភិបាលនោះទេ។
គួរបញ្ជាក់ដែរថា ធនាគារនៃកម្ពុជា បានសម្រេចណែនាំឲ្យគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ បន្ថែមនៅលើស្លាកយីហោរបស់ខ្លួន នូវពាក្យថា គ្រឹះស្ថានឯកជន ចៀសវាងច្រឡំថា ជារបស់រដ្ឋ៕
មតិយោបល់