ធនាគារជាតិនៃកម្ពុជា បានស្នើឲ្យធនាគារទាំងអស់ យកចិត្តទុកដាក់អនុវត្តក្រុមប្រតិបត្តិធនាគារ ឲ្យបានពេញលេញ ដើម្បីចៀសវាងនូវបន្ទុកបំណុលលើសលប់ ក៏ដូចជាពង្រឹងកិច្ចការពារអតិថិជនផងដែរ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ។
លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងដូចខាងលើនេះ ដើម្បីឲ្យធនាគារទាំងអស់ ចូលរួមលើកកម្ពស់ការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយតម្លាភាព សមភាព និងតម្លៃសមរម្យ។
លោកជំទាវ បន្ថែមថា ដោយកម្ពុជា មានកំណើនសេដ្ឋកិច្ចប្រមាណ ៧ភាគរយ ចំពោះវិស័យធនាគារនៅកម្ពុជា បាននិងកំពុងបន្តរីកចម្រើនប្រកបដោយសុវត្ថិភាព និងមានលក្ខណៈប្រកួតប្រជែង ជាក់ស្តែងក្នុងឆ្នាំ ២០១៦ ប្រាក់បញ្ញើអតិថិជនក្នុងប្រព័ន្ធធនាគារ បានកើនឡើង ១៨ភាគរយ ធៀបនឹងឆ្នាំ ២០១៥។
ធនាគារ គូកមីនកម្ពុជា បានដាក់សម្ពោធជាផ្លូវការ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ដោយសង្ឃឹមថា នឹងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយផ្តល់ហិរញ្ញប្បទានដល់ការវិនិយោគចម្បងៗ ជាពិសេសវិស័យកសិកម្ម និងផលិតកម្ម ដែលនឹងជួយគាំទ្រដល់គោលនយោបាយអភិវឌ្ឍជាតិ៕
មតិយោបល់