អាមេរិកៈ ក្រុមហ៊ុនផលិតយានអវកាស SpaceX ដែលជាប់កុងត្រាជាមួយនឹង ទីភ្នាក់ងារអវកាស NASA របស់អាមេរិកបានបាញ់គ្រាប់រ៉ុកកែត Falcon 9 សម្រាប់ផ្ទុកទំនិញ ដែលគ្មានមនុស្សបើករបស់ខ្លួន ដោយជោគជ័យពីក្នុងបរិវេណនៃមជ្ឈមណ្ឌលអវកាស Kennedy ក្នុងទីក្រុង Cape Canaveral រដ្ឋ Florida។ នេះបើយោងតាមរយៈសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
គ្រាប់រ៉ុកកែតផ្ទុកទំនិញនោះ កំពុងតែដឹកជញ្ជូនស្បៀងអាហារ និងសម្ភារៈមួយចំនួនទៅឲ្យអវកាសយានិក នៅឯស្ថានីយ៍យានអវកាសអន្តរជាតិ។
នេះគឺជាបេសកកម្មទី ១០ នៃបេសកកម្មទាំង ២០ ដែលក្រុមហ៊ុន SpaceX ជាប់កុងត្រាជាមួយនឹងទីភ្នាក់ងារអវកាស NASA។ នេះគឺជាជោគជ័យទី ១ របស់ក្រុមហ៊ុន SpaceX នៅក្នុងរដ្ឋ Florida ចាប់តាំងពីគ្រាប់រ៉ុកកែតមួយគ្រាប់របស់ក្រុមហ៊ុននេះ បានផ្ទុះកាលពីខែកញ្ញា ឆ្នាំ ២០១៦រួចមក។
សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែមករា ក្រុមហ៊ុន SpaceX បានបាញ់គ្រាប់រ៉ុកកែត Falcon 9 មួយគ្រាប់របស់ខ្លួនដោយជោគជ័យពីមូលដ្ឋានទ័ពផ្លូវអាកាស Vandenberg នៅ Southern California៕
មតិយោបល់