រដ្ឋាភិបាលអូស្រ្តាលី បានសម្រេចផ្តល់ថវិកាប្រមាណ ៨៩លានដុល្លារអូស្រ្តាលី ដើម្បីអនុវត្តកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ជំហានទី ២ (CAVAC II)។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ។
ថវិកានេះ គឺដើម្បីបន្តអនុវត្តសមិទ្ធផលពី ជំហានទី ១ ដែលមាន ៣ចំណុចធំៗគឺ
១.បង្កើនផលិតភាប និងពិពិធកម្មកសិកម្ម
២. ការស្រោចស្រព និងគ្រប់គ្រងទឹក ធានាឲ្យមានទឹកស្រោចស្រពគ្រប់គ្រាន់ប្រកបដោយនិរន្តភាព
៣. ការកែច្នៃអង្ករ និងការនាំចេញ។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា កម្មវិធីជំហានទី ១ មានថវិកាប្រមាណ ៥៧លានដុល្លារអូស្រ្តាលី ដែលអនុវត្តក្នុងរយៈពេល ៦ឆ្នាំ ពីឆ្នាំ ២០១០ ដល់ ២០១៥ គ្របដណ្តប់លើខេត្តតាកែវ កំពត និងខេត្តកំពង់ធំ។
គួរបញ្ជាក់ដែរថា CAVAC ជំហានទី ១ ជាកម្មវិធីកសិកម្មដ៏សំខាន់មួយ ដែលបានជួយកាត់បន្ថយភាពក្រីក្រនៅជនបទ ដោយបង្កើនបរិមាណផលស្រូវដល់ជាង ២សែនតោន ដែលគិតជាប្រាក់ប្រមាណ ៤៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕
មតិយោបល់