ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ តភ្លើងគ្មានជំនាញ បណ្តាលឲ្យឆក់ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ស្ពឺ: បុរសវ័យចំណាស់ម្នាក់ ត្រូវបានក្រុមគ្រួសារយកទៅកប់ដីខ្សាច់និងធ្វើចលនាបេះដូង បន្ទាប់ពីជនរងគ្រោះគ្មានជំនាញ ហ៊ានតខ្សែភ្លើងក្នុងផ្ទះរបស់ខ្លួនបណ្តាលឲ្យឆក់ស្លាប់ភ្លាមៗ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៧ ក្នុងភូមិទី៥ ឃុំត្រែងត្រយឹងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ត្រី ពៅ នឿនអធិការរង នគរបាលស្រុកភ្នំស្រួច ប្រាប់ថា ជនរងគ្រោះមានឈ្មោះ ប្រាក់ វៃ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ កសិករ ភូមិទី៥ ឃុំត្រែងត្រយឹង ស្រុក ភ្នំស្រួច ត្រូវបានខ្សែរភ្លើងឆក់ស្លាប់ ខណ:ពេលគ្មានជំនាញបានតខ្សែភ្លើងភ្លាត់ស្នៀត។ បន្ទាប់ពីកើតហេតុភ្លាមៗ សាច់ញាតិនិងអ្នកជិតខាង បាននាំគ្នាយកជនរងគ្រោះ ទៅកប់ដីខ្សាច់ ធ្វើចលនាបេះដូង ដើម្បីសង្រ្គោះអាយុជីវិត ប៉ុន្តែហួសពេលទៅហើយ។

ក្រុមគ្រួសារសពបានប្រាប់នគរបាលថា មុនពេលកើតហេតុជនរងគ្រោះបានទាញបានតខ្សែភ្លើងអគ្គិសនីក្នុងផ្ទះ ដោយតខ្លួនឯង បណ្តាលឲ្យឆក់ស្លាប់នៅកន្លែងកើតហេតុបែបនេះតែម្តង ហើយបច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់