ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា ចំណាយ ២០០លានដុល្លារ នាំចូលបន្លែ និង ១០០លានដុល្លារ នាំចូលសាច់

កាលពីឆ្នាំ ២០១៦​កន្លងទៅ កម្ពុជា បានចំណាយប្រមាណ ៣០០លានដុល្លារអាមេរិក នាំចូលបន្លែ និងសាច់ពីក្រៅប្រទេស ដោយសារការផ្គត់ផ្គង់ក្នុងស្រុក មិនទាន់គ្រប់គ្រាន់តាមតម្រូវការ។ នេះបើយោងតាមការឲ្យដឹងពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញនេះ។

ចំនួននាំចូលដ៏ច្រើននេះ បណ្តាលមកពីការផ្គត់ផ្គង់ក្នុងស្រុក និងសមត្ថភាពរបស់កសិករ នៅមានកម្រិត តែយ៉ាងណាមិញ រដ្ឋាភិបាលកម្ពុជា នឹងជួយជម្រុញឲ្យកសិករបង្កើនសមត្ថភាពផលិតឲ្យកាន់តែប្រសើរ។

លោក វេង សាខុន បានបន្ថែមទៀតថា ការនាំចូលសាច់ពីបរទេស នៅតែអាចប្រកួតប្រជែងឈ្នះទីផ្សារក្នុងស្រុកដដែល បើទោះបីជា ថ្លៃពន្ធលើសាច់នាំចូល មានតម្លៃ ១ដុល្លារក្នុងមួយគីឡូក្រាមក្តី។

យ៉ាងណាមិញ បញ្ហានេះ ក៏អាចបណ្តាលមកពីអាជីវកម្មនៅបរទេស មានបច្ចេកទេសខ្ពស់ជាង ទទួលបានទិន្នផលល្អ ដែលអាចធ្វើឲ្យតម្លៃកាន់តែប្រកួតប្រជែង។

គួរបញ្ជាក់ដែរថា ក្រសួងកសិកម្ម នឹងបន្តការពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាកំណត់បញ្ហាប្រឈម ដំណោះស្រាយ និងវិធានការ ដើម្បីអភិវឌ្ឍ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

មតិយោបល់