ក្រោយបង្ហាញខ្លួនជាតួសំខាន់ក្នុងខ្សែភាពយន្ត First They Killed My Father (មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ) តារាសម្តែង ស្វែង សុជាតា ត្រូវបានគេទម្លាយតម្លៃខ្លួនសរុបដែលទទួលបានពីអ្នកស្រី Angelina Jolie ។
ប្រភពច្បាស់ការមួយដែលជាប់ពាក់ព័ន្ធនឹងសាច់រឿងខាងលើ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ Post Komsan ឲ្យដឹងថា តម្លៃខ្លួនរបស់ស្វែង សុជាតា ដែលទទួលបានពីអ្នកស្រី Angelina Jolie គឺច្រើនពាន់ដុល្លារ ដែលជាទឹកប្រាក់មួយ បានផ្លាស់ប្តូរជីវភាព ស្វែង សុជាតា ទាំងស្រុង ។
ប្រភពខាងលើបានបន្តថា ស្វែង សុជាតា ថតមួយរឿងនេះ គឺស្មើការថតខ្សែភាពយន្តខ្មែរ ពី ៣០ ទៅ ៤០រឿង ទើបស្មើតម្លៃខ្លួន ដែលបានថតឲ្យអ្នកស្រី Angelina Jolie ។ សរុបជាទឹកប្រាក់ដែលប្រភពខាងលើទម្លាយ គឺស្វែង សុជាតា ទទួលបាន ជាង ១០ម៉ឺនដុល្លារអាម៉េរិក។
ក្នុងបទសម្ភាសន៍ តាមទូរស័ព្ទ ជាមួយនឹងអ្នកនាងស្វែង សុជាតា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៧ លោកស្រីបានបញ្ជាក់ថា សម្រាប់តម្លៃខ្លួនដែលថតក្នុងរឿង First They Killed My Father លោកស្រីសូមមិនបញ្ចេញ ព្រោះជាបម្រាមរបស់ក្រុមការងារ ផលិតកុន អ៊ីចឹងហើយ អ្នកណាចង់ថាតម្លៃខ្លួនអ្នកស្រីថាប៉ុន្មានក៏ថាចុះ ។ ក្រោយឆ្លើយយ៉ាងខ្លីដូច្នោះ អ្នកនាង ស្វែង សុជាតា ក៏បានបិទទូរស័ព្ទ ដោយប្រាប់ថាកំពុងរវល់ថត ។
គួររំឭកផងដែរថា រឿង First They Killed My Father នេះត្រូវបានដាក់បញ្ចាំងនៅកម្ពុជាចំនួន ៣ខេត្តក្រុងរួចរាល់ហើយ ក្នុងនោះ នៅសៀមរាប បរិវេណទីលានជល់ដំរី កាលពីថ្ងៃទី១៨ កុម្ភៈ នៅភ្នំពេញថ្ងៃទី២១ កុម្ភៈ និង នៅបាត់ដំបង ថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១៧៕
មតិយោបល់