ការសម្រេចចិត្តជ្រើសរើសធ្វើការ ក្នុងក្រុមហ៊ុន ឬស្ថាប័ន ណាមួយ ប្រៀបប្រដូចនឹងការវិនិយោគ ឬដាក់ទុនភាគហ៊ុនរកស៊ី ដើម្បីទទួលបានប្រាក់ចំណេញ និងផលប្រយោជន៍ នានា។ ការវិនិយោគ ប្រៀបដូចជា ការជ្រើសរើសថ្នាលដាំដុះ សម្រាប់សាបព្រួសគ្រាប់ពូជ ប៉ុន្តែមុននឹងបណ្តុះ ត្រូវសិក្សានូវកត្តាហានិយភ័យ ឱ្យបានច្បាស់លាស់ ជាមុនសិន។ ព្រោះហេតុថា បុគ្គលិកប្រៀបបាននឹងគ្រាប់ពូជ ចំណែកក្រុមហ៊ុនប្រៀបបាននឹងថ្នាលដី ដូច្នោះដែរ។
ការសាបព្រួសគ្រាប់ពូជទាំងអស់ មិនមែនសុទ្ធតែអាចដុះលូតលាស់ ទទួលបានផ្លែផ្កានោះទេ បើសិនយើងសាបព្រួសពូជ ខុសកន្លែង វាហាក់ដូចជា ចោលពូជដ៏មានតម្លៃទទេៗ ខាតប្រយោជន៍ឥតអំពើ។ ដូច្នេះការសម្រេចចិត្ត ជ្រើសរើសធ្វើការ ឱ្យក្រុមហ៊ុន ឬស្ថាប័ន ណាមួយនោះ ដើម្បីឱ្យការខិតខំប្រឹងប្រែង ទាំងខាងផ្នែកចំណេះដឹងជំនាញ និងកម្លាំងកាយចិត្ត ទួលបានផលតបស្នង សក្តិសមនឹងតម្លៃ ដូចពាក្យចាស់លោកពោលថា “ ធ្វើស្រែឱ្យមើលស្មៅ ទុកដាក់កូនចៅ ឱ្យមើលផៅសណ្តាន ” ស្របគ្នានឹង “ ធ្វើស្រែឱ្យមើលស្មៅ ធ្វើការឱ្យមើលក្រុមហ៊ុន ”។
តើក្រុមហ៊ុនបែបណា ដែលហៅថា ក្រុមហ៊ុនត្រឹមត្រូវ? ក្រុមហ៊ុនត្រឹមត្រូវ ក្នុងន័យនេះ គឺសំដៅទៅដល់ក្រុមហ៊ុន ប្រភេទមួយចំនួន ដោយយើងត្រូវមើលលើ ប្រភេទនៃអាជីវកម្ម និងអ្នកដឹកនាំ ជាកត្តាចម្បង។ ប្រភេទអាជីវិកម្មល្អ នាំឱ្យក្រុមហ៊ុន និងបុគ្គលិក មានការរីកចម្រើនទៅមុខ ព្រោះអ្នកដឹកនាំល្អ អាចនាំឱ្យយើង បានឡើងឋានៈ និងតួនាទីខ្ពស់ នៅទីនោះ តាមរយៈចំណេះដឹង នៃបទពិសោធន៍ ថ្មីៗ។ ប្រសិបើនិយាយដល់ប្រភេទអាជីវកម្ម គេត្រូវនិយាយដល់ សេវាកម្មល្អ ផលិតកម្មល្អ គឺជាផលិតផល ដែលមានគុណភាពល្អ មានសុវត្ថិភាពខ្ពស់ ជាតម្រូវការចាំបាច់របស់អតិថិជន ពេញនិយមក្នុងការប្រើប្រាស់ តម្លៃសមរម្យ សមស្របនឹងស្ថានភាពជីវភាពរបស់មនុស្ស ក្នុងតំបន់នោះ។
ទន្ទឹមនឹងនេះ សំណួរសួរថា តើយើងអាចធ្វើការជាមួយ ក្រុមហ៊ុនយើងជ្រើសរើស បានជោគជ័យ តាមរបៀបណា? គឺយើងអាចជោគជ័យ ដោយសារប្រភេទអាជីវកម្ម និងប្រធានក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម មានផែនការគោលដៅ ទស្សនវិស្ស័យ ច្បាស់លាស់ ផងដែរ៕
មតិយោបល់