ព័ត៌មានសេដ្ឋកិច្ច

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងដោះស្រាយបញ្ហាប្រឈមលើវិស័យសំណង់

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបានបង្កើតឡើង ដើម្បីជួយដោះស្រាយបញ្ហាប្រឈមលើវិស័យសំណង់ នៅកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០១៦ និងផែនការទិសដៅការងារសម្រាប់ឆ្នាំ២០១៧ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ការរីកចម្រើនលើវិស័យសំណង់កាន់តែខ្លាំងឡើងៗ ជាពិសេសរដ្ឋាភិបាលមានឆន្ទៈគាំទ្រដល់វិនិយោគិនលើវិស័យសំណង់ ឲ្យកាន់តែច្រើន ទើបម្ចាស់ក្រុមហ៊ុនដែលអភិវឌ្ឍលើវិស័យសំណង់លំនៅដ្ឋានបានរួបរួមគ្នា បង្កើតជាសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាឡើង។

លោកឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានលើកឡើងដើម្បីជំរុញសេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានភាពប្រសើរឡើង សមាគមបានដាក់ចេញនូវផែនការ និងយុទ្ធសាស្ត្រការងារជាច្រើនបន្ថែមទៀត ដើម្បីបង្កើនតម្លាភាព និងជំនឿទុកចិត្ត ក្នុងការអូសទាញអ្នកវិនិយោគក្រៅស្រុក ចូលមកវិនិយោគនៅកម្ពុជា កាន់តែច្រើនជាងមុនបន្ថែមទៀត។

លោកឧកញ៉ា បានមានប្រសាសន៍ក្នុងពិធីថា សមាគមជួយដោះស្រាយបញ្ហានានា​ជូនសមាជិក ជាធម្មតាលើមុខរបរតែងមានឧបសគ្គហើយ សមាគមនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្រសួងពាក់ព័ន្ធ ដើម្បីជួយត្រួតពិនិត្យខ្លាចមានអ្នកវិនិយោគខ្លះមកឆបោកប្រជាពលរដ្ឋ ខាងសមាគម នឹងរួមចំណែកជាមួយរដ្ឋាភិបាលដើម្បីទប់ស្កាត់​ ដូច្នេះសមាគមមានសារៈសំខាន់ច្រើន។

គួរបញ្ជាក់ផងដែរថា លោកឧកញ៉ា លី ហួរ បានបន្ថែមថា សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងសមាគមអ្នកវាយតម្លៃអចលនទ្រព្យនៅកម្ពុជា គឺជាសមាគមដាច់ដោយឡែកពីគ្នា។ សមាគមអ្នកអភិវឌ្ឍន៍ជាអ្នកសាងសង់​ ជាម្ចាស់ក្រុមហ៊ុនសម្រាប់លក់អោយប្រជាពលរដ្ឋ ដែលសំដៅលើម្ចាស់ក្រុមហ៊ុនមួយចំនួនដែលសាងសង់បុរី អគារខ្ពស់ៗជាសមាជិករបស់សមាគម មិនពាក់ព័ន្ធជាមួយនឹងសមាគមន៍អ្នកវាយតម្លៃទេ៕

មតិយោបល់