កាលពីព្រឹកថ្ងៃ២ មិនា តារាសម្ដែងនាង ភិន សុដាលីស បានបង្ហាញខ្លួនយ៉ាងក្រឡឺមក្នុងតំណែងជាតួឯកស្រី បន្ទាប់ពីការសម្រាលកូនស្រីរបស់នាងកាន់តែចាស់ខែជាងមុន។ នាងបានសម្ដែងក្នុងរឿង«ម្ចាស់បំណុល»ដែលជាខ្សែរឿងភាគរបស់ទូរទស្សន៍PNN ដោយនាងរំពឹងថាភាពយន្តមួយរឿងនេះ នឹងធ្វើអោយនាងឡើងកូដជាថ្មីម្ដងទៀត មិនខុសពីពេលដែលនាងបានក្លាយជាតារាដែលត្រូវគេចាប់អារម្មណ៍ឡើងផ្អើលមហាជន ក្នុងពេលផ្ទុះជម្លោះស្នេហាជាមួយលោកប៉ែន ចំរ៉ុង។
អ្នកនាង ភិន ដាលីស និយាយថាខ្សែរឿង«ម្ចាស់បំណុល»ជារឿងដែលឪពុកម្ដាយរបស់នាងបាននិពន្ធ ដោយមិនមែនជារឿងទិញឆ្អឹងរឿងពីអ្នកណានោះទេ។ នាងថារឿងនេះមានចំណុចខ្លាំងច្រើន ទើបនាងរំពឹងមិនអន់នោះទេ ថារឿងដែលនាងទទួលសម្ដែងមួយនេះនឹងជួយអោយនាងឡើងកូដ។ យ៉ាងណាមិញ នាងថានេះមិនមែនរឿងទី១ បន្ទាប់ពីនាងសម្រាលកូននោះទេ ដោយគ្រាន់តែនេះគឺរឿងដែលនាងយល់ថាមានសាច់រឿងខ្លាំង ដោយសារតែនាងត្រូវសម្ដែងមានចរឹតខុសប្លែកពីរឿងមុនៗ។ នាងថានៅក្នុងរឿងនេះចរឹតកាចឆ្នាស់ និងកម្សត់ទឹកភ្នែកគឺមានទាំងអស់ ដោយក្នុងរឿងនេះ ក៏ត្រូវសម្ដែងពិបាកច្រើនដែរ ទើបនាងប្រកាសថាមួយរឿងនេះពិតជាធ្វើអោយនាងល្បី។ នាងថាក្នុងរឿង«ម្ចាស់បំណុល»នាងសម្ដែងជាថ្មីជាមួយលោកភឹម តារាវិបុល ដែលធ្លាប់សម្ដែងជាមួយគ្នាជោគជ័យក្នុងរឿងកន្លងមក។ នាងថារឿងនេះនឹងចេញថត៤ខែ ហើយដំណើរការចាក់ផ្សាយនៅPNN ក្រោយបញ្ចប់ការបញ្ចាំងរឿង «បំភ្លេចមិនបាន»ដែលជារឿងរបស់ផលិតកម្មមហាហង្ស។ ទន្ទឹមនឹងការសម្ដែងមួយរឿងនេះ នាងក៏ពិចារណាសម្ដែងក្នុងរឿងបន្តបន្ទាប់ផងដែរ តែនាងបដិសេធមិនសម្ដែងភាពយន្តអោយផលិតកម្មដទៃខុសពីផលិតកម្មមហាហង្ស៕
មតិយោបល់