ភ្នំពេញ: លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០១៦នេះ កម្ពុជាប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន ៧៤,២០៨,៧៤៩ លានរៀល (គិតជាដុល្លារប្រមាណជា ១៨,៥៥២ដុល្លារ)។ សម្រាប់រយៈពេលបួនខែ ឆ្នាំ២០១៦ ចំណូលពន្ធ-អាករសរុបដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមទិន្នន័យចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ២ ៥៥,១២៧,៨៧៦ លានរៀល (ប្រមាណជា ៦៣,៧៨២ ដុល្លារ) ស្មើនឹង ៤៤.៨៧ %នៃគោលដៅកំណត់ដោយច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦។
លោកថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបការងារ សារពើពន្ធប្រចាំត្រីមាសទី១ និងប្រចាំខែមេសា ឆ្នាំ២០១៦ របស់អគ្គនាយកដ្ឋានពន្ធដារ នាវេលាម៉ោង០៨:៣០នាទី ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅអគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពរបស់លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយ លោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងមានការចូលរួមពីឯកឧត្តមអគ្គនាយក-អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងអគ្គនាយកដ្ឋានគោលនយោបាយសារពើពន្ធ លោក-លោកស្រីអគ្គនាយករង
នៃអគ្គនាយកដ្ឋានពន្ធដារ លោកប្រធាន-អនុប្រធាននាយកដ្ឋាន លោកប្រធាន-អនុប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ ទាំងអស់ក្រោមចំណុះអគ្គនាយកដ្ឋានពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារជាតិ។
ក្នុងអង្គប្រជុំលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ ជាអង្គភាពអនុវត្តគោលនយោបាយសារពើពន្ធ របស់រដ្ឋាភិបាលក្នុងការប្រមូលចំណូលចូល ថវិកាជាតិ និងជាអង្គភាពបម្រើសេវាសាធារណៈជូនអ្នកជាប់ពន្ធឲ្យបានល្អប្រសើរ ឲ្យមានការពេញចិត្តក្នុងការបង់ពន្ធពីអ្នកជាប់ពន្ធ៕
មតិយោបល់