ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រជាពលរដ្ឋនៅតែព្រួយបារម្ភ ខណៈការផ្គត់ផ្គង់រថយន្តពន្លត់អគ្គិភ័យមិនទាន់គ្រប់គ្រាន់

ភ្នំពេញៈ ទោះបីជាមានការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់មានប្រសាសន៍ថា នឹងផ្ដល់រថយន្តពន្លត់អគ្គិភ័យ ឲ្យបានគ្រប់គ្រាន់នៅតាមទីជនបទយ៉ាងណាក៏ដោយ ប៉ុន្តែការព្រួយបារម្ភរបស់ប្រជាពលរដ្ឋនៅតែកើតមាន។ កើតមាន ក៏ព្រោះតែរថយន្តពន្លត់អគ្គិភ័យ មិនទាន់មានគ្រប់គ្រាន់សម្រាប់ចែកចាយដល់ទីជនបទ។

លោកឧត្តមសេនីយ៍ត្រី នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ ថ្លែងប្រាប់ Post News នៅរសៀលថ្ងៃទី១១ ខែឧសភានេះថា បញ្ហាបង្ការគ្រោះអគ្គិភ័យអាចធ្វើឡើងទៅបានដោយជោគជ័យ គឺអាស្រ័យមានការចូលរួមទាំងអស់គ្នា ជាពិសេសប្រជាពលរដ្ឋ ព្រោះបើទោះជាមានរថយន្តពន្លត់អគ្គិភ័យច្រើនប៉ុណ្ណា ក៏មិនគ្រប់ដែរ ដូច្នេះប្រជាពលរដ្ឋខ្លួនឯង ត្រូវតែចូលរួមឲ្យបានខ្ពស់បំផុតក្នុងការបង្ការ ក៏ដូចជាអន្តរាគមន៍ឲ្យអស់ពីលទ្ធភាពខណៈអគ្គិភ័យចាប់ផ្ដើមកើតឡើង។ លោកថា “ឡានទឹកនៅប្រទេសកម្ពុជាយើង ប៉ុន្មានក៏មិនចេះគ្រប់ដែរ ប៉ុន្តែគ្រាន់តែសំខាន់ ការអំពាវនាវរបស់សម្តេចតេជោ និងសម្ដេចក្រឡាហោម ប៉ុន្តែការគ្រប់គ្រងភ្លើងល្អ មិនមែនលើរឿងឡានទឹកទេ សំខាន់គឺប្រជាពលរដ្ឋជាអ្នកការពារភ្លើងខ្លួនឯង ក្រុមពន្លត់អគ្គិភ័យគ្រាន់តែជាអ្នកប្រតិបត្តិការជួយទេ ប៉ុន្តែសំខាន់គឺបឋមនោះខ្លួនឯង”

លោក នេត វន្ថា បន្ថែមថា ក្នុងករណីកើតមានគ្រោះអគ្គិភ័យ ប្រជាពលរដ្ឋត្រូវចេះសង្គ្រោះដោយខ្លួនឯងបឋមជាមុនសិន ដូចជាប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ប៉ាវខ្សាច់ ឬធុងទឹកជាដើម នេះជាចំណុចល្អជាងការប្រើរថយន្តពន្លត់អគ្គិភ័យ ព្រោះអគ្គិភ័យផ្ដើមចេញពីភ្លើងតិចតួច។ លោកក៏ស្នើឲ្យប្រជាពលរដ្ឋត្រូវចូលរួមឲ្យអស់ពីលទ្ធភាពក្នុងការបង្ការ ហើយត្រូវរាយការណ៍សមត្ថកិច្ចមូលដ្ឋានភ្លាមៗ ឬក៏លេខទូរស័ព្ធអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ១៧១៨ នៅពេលមានគ្រោះអគ្គិភ័យកើតឡើង។

ដោយឡែកក្នុងការកាត់បន្ថយគ្រោះអគ្គិភ័យ ត្រូវបានលោក នេត វន្ថា លើកឡើងថា រដ្ឋាភិបាលបានប្រឹងប្រែងអនុម័តច្បាប់អគ្គិភ័យ រួចមកហើយ ដោយបច្ចុប្បន្នកំពុងធ្វើអនុក្រឹតបន្ថែមទៀត។ រីឯក្រុមជំនាញអគ្គិភ័យនៅគ្រប់ស្នងការដ្ឋានរាជធានីខេត្ត ក៏កំពុងប្រឹងធ្វើការអប់រំណែនាំប្រជាពលរដ្ឋនៅតាមមូលដ្ឋានអស់ពីលទ្ធភាពឲ្យពួកគាត់បានយល់ដឹងពីការបង្ការជាមុន ដើម្បីបញ្ចៀសអគ្គិភ័យកើតឡើងជាយថាហេតុ តាមការណែនាំរបស់អគ្គស្នងការនគរបាលជាតិ និងសម្ដេចក្រឡាហោម ស ខេង។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែឧសភានេះ កម្ពុជា បានបញ្ជាទិញរថយន្តពន្លត់អគ្គិភ័យសរុប១១៣គ្រឿងបន្ថែមទៀត ពីប្រទេសចិន ដើម្បីធ្វើការបែងចែកទៅតាមស្នងការដ្ឋាននរគបាលរាជធានីខេត្ត ខណៈដែលរថយន្តពន្លត់អគ្គិភ័យនៅតាមបណ្ដាខេត្ត បច្ចុប្បន្នមានចន្លោះពី២ទៅ៦គ្រឿង។ ហើយបើតាមលោក នេត វន្ថា នៅពេលរដ្ឋាភិបាលប្រគល់រថយន្តពន្លត់អគ្គិភ័យដែលទើបតែបញ្ជាទិញមកបន្ថែមនេះ គ្រប់រាជធានីខេត្តអាចមានរថយន្តពី៦ទៅ១០គ្រឿង៕

photo_2016-05-11_14-53-46 photo_2016-05-11_14-53-52 photo_2016-05-11_14-54-07

មតិយោបល់