ព័ត៌មានសេដ្ឋកិច្ច

វិស័យទេសចរណ៍ បង្កើតការងារប្រមាណ ១៣% នៃការងារសរុបរបស់ពលរដ្ឋកម្ពុជា

កាលពីម្សិលមិញនេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា គិតត្រឹមពាក់កណ្តាលឆ្នាំ ២០១៦នេះ វិស័យទេសចរណ៍នៅកម្ពុជា បានបង្កើតការងារប្រមាណ ១៣ភាគរយ នៃការងារសរុបរបស់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងនោះ ការងារដោយផ្ទាល់ប្រមាណជាង ៦សែននាក់ និងដោយប្រយោលជិត ១លាននាក់ សុទ្ធតែបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋកម្ពុជា។

លោក ថោង ខុន បានឲ្យដឹងទៀតថា ទេសចរសហគមន៍ ក៏ជាផ្នែកសំខាន់មួយ ក្នុងការថែរក្សាព្រៃឈើ អភិរក្សសត្វព្រៃ និងធនធានធម្មជាតិមួយចំនួន ហើយប្រជាពលរដ្ឋ អាចរកចំណូលបាន តាមរយៈការលក់វត្ថុអនុស្សាវរីយ៍ នាំភ្ញៀវដើរកម្សាន្ត ថ្លៃជួលផ្ទះស្នាក់នៅ សេវាដឹកជញ្ជូនភ្ញៀវ និងលក់ភោគផលកសិកម្មបែបធម្មជាតិ។

ភ្ញៀវទេសចរអន្តរជាតិ ចូលចិត្តមកកម្សាន្តរយៈពេលយូរ នៅតាមសហគមន៍ ដែលពោរពេញទៅដោយធម្មជាតិ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ និងទទួលទានអាហារ ដែលធ្វើឡើងដោយមិនប្រើជាតិគីមី។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា បច្ចុប្បន្ននេះមានសហគមន៍ និងអេកូទេសចរណ៍ជាង ៦០កន្លែង ស្ថិតនៅក្នុងខេត្តក្រុងចំនួន ១៦ ភាគច្រើននៅខេត្តសៀមរាប តំបន់ឆ្នេរ រាជធានីភ្នំពេញ និងភូមិភាគឥសាន្ត។

គួរជម្រាបដែរថា កម្ពុជា រំពឹងទទួលភ្ញៀវអន្តរជាតិ ៥.៤លាននាក់ក្នុងឆ្នាំនេះ នឹង ៧លាននាក់ក្នុងឆ្នាំ ២០២០ ដែលរំពឹងរកចំណូលបាន ៥ពាន់លានដុល្លារ និងបង្កើតការងារ ១លានកន្លែង៕

មតិយោបល់