ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា គឺជាខ្លាសេដ្ឋកិច្ចថ្មី នៅអាសុី !

ភ្នំពេញ:ចាប់តាំងពីឆ្នាំ២០១៣ សេដ្ឋកិច្ចកម្ពុជា បានបន្តកើនឡើង យ៉ាងទៀងទាត់ ប្រមាណ ៧ភាគរយ ជារៀងរាល់ឆ្នាំ។ កំណើនសេដ្ឋកិច្ចនេះ ត្រូវបាន ធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រមើលឃើញថា ទំនងជាបន្តកើនឡើងទៀត នៅឆ្នាំ២០១៧ ខាងមុខ។ សម្រាប់ ធនាគារអភិវឌ្ឍន៍អាស៊ី កំណើនសេដ្ឋកិច្ច ៥ឆ្នាំ ជាប់ៗគ្នា ដូច្នេះ កំពុងតែទាញឲ្យកម្ពុជា ក្លាយខ្លួនទៅជា ខ្លាសេដ្ឋកិច្ច ថ្មីមួយទៀត នៅអាស៊ី។

កំណើនសេដ្ឋកិច្ច ប្រមាណ ៧ភាគរយ ជារៀងរាល់ឆ្នាំ នៅកម្ពុជា កើតឡើងមួយផ្នែក ដោយសារតែកម្ពុជា បានប្រកាន់យក គំរូកំណើនសេដ្ឋកិច្ច «រោងចក្រអាស៊ី» ដែលបានដាក់ពង្រាយ កម្លាំងពលកម្ម ដែលមានតម្លៃទាប ដើម្បីផលិតផលិតផល សម្រាប់ការនាំចេញ។ កម្លាំងពលកម្មទាប នេះ កំពុងតែទាក់ទាញ វិនិយោគិន ជាច្រើន ឲ្យមកដាក់ទុនវិនិយោគ នៅកម្ពុជា ខណៈដែលតម្លៃពលកម្ម នៅប្រទេសចិន និងបណ្ដាប្រទេសអាស៊ី ដទៃទៀត កំពុងតែឡើងថ្លៃ។

របាយការណ៍សេដ្ឋកិច្ច ប្រចាំឆ្នាំ២០១៦ របស់ ធនាគារអភិវឌ្ឍន៍អាស៊ី ឲ្យដឹងថា វិស័យឧស្សាហកម្មនៅកម្ពុជាកើនឡើងជាង១១ភាគរយនៅឆ្នាំ២០១៥។ កំនើននេះ រួមចំណែកធំជាងគេ នៅក្នុងផលិតផលសរុប ក្នុងស្រុក GDP របស់កម្ពុជា។ គួររំលឹកថា នៅក្នុងឆ្នាំ២០១៥ ការនាំចេញទំនិញរបស់កម្ពុជា កើនឡើងប្រមាណ ១៤ភាគរយ ដែលមានតម្លៃស្មើនឹងប្រមាណ ៨ពាន់ ៥រយលានដុល្លារអាមេរិក។ ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង កើនឡើង ១០,២ភាគរយ។ ចំនួននេះ ស្មើនឹង ៧០ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា ក្នុងឆ្នាំ២០១៥ កន្លងទៅ។

យ៉ាងណាក៏ដោយ វិស័យឧស្សាហកម្ម តែមួយមុខ មិនអាចធ្វើឲ្យកម្ពុជា ស្គាល់សន្ទុះសេដ្ឋកិច្ចខ្លាំងក្លា ដូច្នេះឡើយ។ បន្ទាប់ពីវិស័យឧស្សាហកម្ម វិស័យសេវាកម្ម ក៏បានរួមចំណែក យ៉ាងសំខាន់ផងដែរ តាមរយៈកំណើនប្រមាណ ៧ភាគរយ នៅឆ្នាំ២០១៥។ វិស័យហិរញ្ញវត្ថុ ទូរគមនាគមន៍ និងទំនាក់ទំនង បានកើនឡើង ប្រហែល ៨ភាគរយ។ វិស័យទេសចរណ៍ កើនឡើងក្នុងរង្វង់ ៦ភាគរយ ខណៈវិស័យកសិកម្ម បានបង្ហាញកំណើនតិចតួច ដោយសារគ្រោះរាំងស្ងួត បង្កដោយបាតុភូត El Nino នោះ។ ប៉ុន្តែគេរំពឹងថា វិស័យកសិកម្មនេះ នឹងងើបឡើង ក្នុងកម្រិតប្រមាណ ១,៦ភាគរយ នៅឆ្នាំ២០១៦នេះ។

គួររំលឹកជូនថា ចាប់តាំងពីឆ្នាំ២០១៣ សេដ្ឋកិច្ចកម្ពុជា បានបន្តកើនឡើង យ៉ាងទៀងទាត់ ប្រមាណ ៧ភាគរយ ជារៀងរាល់ឆ្នាំ។ កំណើនសេដ្ឋកិច្ចនេះ ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី ប្រមើលឃើញថា ទំនងជាបន្តកើនឡើងទៀត នៅឆ្នាំ២០១៧ ខាងមុខ ប្រសិនបើកម្ពុជា ពង្រីកឱកាសការងារបន្ថែមទៀត តាមរយៈការទាក់ទាញឧស្សាហកម្ម ថ្មីៗទៀត។ សម្រាប់ ធនាគារអភិវឌ្ឍន៍អាស៊ី កំណើនសេដ្ឋកិច្ច ៥ឆ្នាំ ជាប់ៗគ្នា ដូច្នេះ កំពុងតែទាញឲ្យកម្ពុជា ក្លាយខ្លួនទៅជា ខ្លាសេដ្ឋកិច្ច ថ្មីមួយទៀត នៅអាស៊ី ផងដែរ៕

photo_2016-05-11_14-58-36photo_2016-05-11_14-58-25 photo_2016-05-11_14-58-27 photo_2016-05-11_14-58-29 photo_2016-05-11_14-58-33 photo_2016-05-11_14-58-39

មតិយោបល់