កំពង់ស្ពឺៈ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ២១ខ្នង និងវត្តមួយកន្លែងត្រូវបាន ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បក់បោករងការ រងការបំផ្លាញ និងបណ្ដាលឲ្យស្រ្តីចំណាស់ម្នាក់ រងរបួស ។
ហេតុការណ៍គ្រោះធម្មជាតិនេះ កើតឡើងកាលពីវេលាម៉ោង ៣:៣០នាទីរសៀលថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតក្នងភូមិចំនួន៣មានភូមិកណ្តាក ,ភូមិព្រៃឈើទាល និងភូមិក្រៀលបួស ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ទោ សាយ ប៊ុនថន អធិការនគរបាល ស្រុកភ្នំស្រួច បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ឧសភានេះ ក្រុមការងារថ្នាក់ស្រុក និងកំលាំង នគរបាលនៃអធិការដ្ឋានស្រុកភ្នំស្រួច បានចុះត្រួតពិនិត្យស្ថានភាពរបស់ប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារខ្យល់កន្រ្តាក់ និងសាកសួរសុខទុកបងប្អូនជនរងគ្រោះតាមខ្នងផ្ទះ ។
លោកបានបន្តថា ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះមានចំនួន២១ខ្នង ក្នុងនោះផ្ទះទាមចំនួន០៧ខ្នង ខូចខាតទាំងស្រុង របើកស័ង្កសីចំនួន ១៤ខ្នង និងរបើកដំបូលវត្តក្រៀសបួសមួយខ្នង របួសមនុស្សម្នាក់មានឈ្មោះ ហែម នី ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិកណ្តាល ឃុំព្រៃក្មេងស្រាល ។
លោកបន្តថា ក្រោយពីប្រជាពលរដ្ឋបានជួបគ្រោះធម្មជាតិភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់បែបនេះ កំលាំងនគរបាលបាល និងអាជ្ញាធរបានចុះជួយសង្គ្រោះប្រជាពលរដ្ឋភ្លាមៗ ក៏ដូចជាសាខាកាកបាតក្រហម និងថ្នាក់ដឹកនាំកំពុងតែរៀបចំនាំយកអំណោយសង្រ្គោះបន្ទាន់ ដើម្បីចែកជូនក្នុងការដោះស្រាយការលំបាកជាបណ្ណោះអាសន្ន ។
អធិការនគរបាល បានបន្ថែមថា គ្រោះធម្មជាតិក្នុងឆ្នាំនេះ ហាក់បីមានការចំឡែកខុសរាល់ឆ្នាំ ដូចជាការកើតកំដៅថ្ងៃខ្លាំង រាំងស្ងួតហួតហែងបណ្តាលឱ្យពលរដ្ឋតាមតំបន់មួយចំនួនមានការខ្វះខាតទឹកស្អាតប្រើប្រាស់ ហើយពេលមានភ្លៀកធ្លាក់តែងតែលាយឡំជាមួយ នឹងព្យុះខ្យល់កន្រ្តាក់បង្កឱ្យមានគ្រោះមហត្តរាយផ្សេង ក្នុងនោះមានរលំផ្ទះ របើកដំបូល ឬរន្ទះបាញ់ជាដើម។ ដូច្នេះប្រជាពលរដ្ឋគ្រប់រូបត្រូវយកចិត្តទុកដាក់ នឹងប្រុងប្រយ័ត្នបំផុតពេលមានភ្លៀងធ្លាក់ម្តងៗនោះ។
បច្ចុប្បន្នជនរងគ្រោះទាំង២១គ្រួសារត្រូវបានអាជ្ញាធររៀបចំធ្វើការជួយសង្គ្រោះដោយនាំអំណោយមនុស្សធម៌ ដើម្បីជួយដោះស្រាយការលំបាកជាបណ្ដោះអាសន្ន នឹងមានបន្តបន្ទាប់ទៀតពីថ្នាក់ដឹកនាំ ក៏ដូចជាសាខាកាកបាតក្រហមផងដែរ៕
មតិយោបល់