Angelina Jolie ទិញដីមួយកន្លែងនៅកម្ពុជា គ្រោងនឹងបង្កើតតំបន់អេកូទេសចរណ៍។ នេះបើតាមការចេញផ្សាយ របស់គេហទំព័រ Daily Mail កាលពីដើមសប្តាហ៍នេះ។
តារាហូលីវូដដ៏ល្បីល្បាញ និងជាអ្នកដឹកនាំរូបនេះ បានទិញដីមួយកន្លែងនៅកម្ពុជាពី អតីតទាហានខ្មែរក្រហមមួយ រូបក្នុងតម្លៃប្រមាណជា ៤ម៉ឺនដុល្លារអាមេរិក និងមានទំហំផ្ទៃដី ២.៥ហិកតា។
លោក រេង ជាតិ អតីតទាហានខ្មែរក្រហមរូបនេះបានប្រាប់ Daily Mail ថា «ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលពួកយើងបានលក់ដីឲ្យតារាល្បីរូបនេះ។ គាត់រួសរាយ ហើយពួកយើងបានឃើញគាត់នៅពេលគាត់មកទស្សនានៅទីនេះជាមួយកូនៗ និងស្វាមីរបស់គាត់។»
តួយ៉ាងកាលពីឆ្នាំ ២០០២ អ្នកស្រី Angelina Jolie ក៏ធ្លាប់បានទិញដីមួយកន្លែងផងដែរ ពីម្ចាស់ដីឈ្មោះ តា ទិត្យ ដែលមានផ្ទៃដី ៧.៥ ហិកតា នៅភូមិសំឡូត ខេត្តបាត់ដំបង។
គួរបញ្ជាក់ថា អ្នកស្រី Angelina Jolie បានចូលជាសញ្ជាតិខ្មែរនៅ ឆ្នាំ ២០០៥ ហើយអ្នកស្រីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ព្រមទាំងធ្លាប់បានជួបជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាគឺ សម្តេចតេជោ ហ៊ុន សែន និងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាធ្លាប់បានចូលរួមកិច្ចការងារសប្បុរសធម៌រាប់លានដុល្លារអាមេរិក នៅកម្ពុជាផងដែរ៕
មតិយោបល់