ក្រសួងពាណិជ្ជកម្ម នឹងពន្យារពេលរហូតដល់ថ្ងៃទី ២០ ខែកុម្ភៈនេះ ចំពោះការដាក់ពាក្យស្នើសុំនាំចេញមុខទំនិញថ្នាំជក់ និងអង្ករទៅកាន់ប្រទេសវៀតណាមដោយរួចពន្ធ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅថ្ងៃនេះ។
ផលិតករ ឬអ្នកនាំចេញ ដែលកំពុងប្រកបអាជីវកម្មទាក់ទងសន្លឹកថ្នាំជក់ស្ងួត និងអង្ករ សុំរួសរាន់ដាក់ពាក្យស្នើសុំមកកាន់ក្រសួងពាណិជ្ជកម្ម ដើម្បីនាំចេញសន្លឹកថ្នាំជក់ស្ងួតទៅប្រទេសវៀតណាមដោយរួចពន្ធ។
ក្រោមកិច្ចសម្របសម្រួលជម្រុញពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងវៀតណាម ភាគីវៀតណាម បានយល់ព្រមផ្តល់ភាពអនុគ្រោះពន្ធ ០% នូវមុខទំនិញចំនួន ៣៩បន្ទាត់ពន្ធ ដល់ភាគីកម្ពុជា ដោយរួមបញ្ចូលមុខទំនិញអង្ករចំនួន ៣០០ពាន់តោន រៀងរាល់ឆ្នាំ និងសន្លឹកថ្នាក់ជក់ស្ងួតចំនួន ៣ពាន់តោន សម្រាប់ឆ្នាំ ២០១៦-២០១៧។
ដូច្នោះ ក្រសួងពាណិជ្ជកម្ម សូមជូនដំណឹងដល់ម្ចាស់អាជីវកម្មទាក់ទងសន្លឹកថ្នាំជក់ស្ងួត ដែលបានចុះបញ្ជីក្នុងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងបានបំពេញកាតព្វកិច្ចពន្ធដារឆ្នាំ ២០១៦រួច អាចដាក់ពាក្យស្នើសុំមកកាន់ក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាននាំចេញ-នាំចូល) រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៦។
គួរបញ្ជាក់ថា ក្នុងកិច្ចសម្របសម្រួលជម្រុញពាណិជ្ជកម្មទ្វេភាគី ភាគីកម្ពុជា ក៏យល់ព្រមផ្តល់ភាពអនុគ្រោះពន្ធ ០% នូវមុខទំនិញចំនួន ២៩បន្ទាត់ពន្ធ ដល់ភាគីវៀតណាមផងដែរ៕
មតិយោបល់