ព័ត៌មានសេដ្ឋកិច្ច

ស្ពានថ្មី ២ខ្សែ នឹងតភ្ជាប់ពីជ្រោយចង្វារទៅស្វាយជ្រុំ និងពីអរិយក្សត្រទៅក្តីតាកុយ

ស្ពានថ្មីឆ្លងទន្លេមេគង្គ ចំនួន ២ខ្សែ នឹងត្រូវសាងសង់នៅពេលខាងមុខនេះ ដើម្បីតភ្ជាប់ពី ជ្រោយចង្វារ ទៅស្វាយជ្រុំ​ និងពីអរិយក្សត្រទៅក្តីតាកុយ។ នេះបើយោងតាមការលើកឡើងនៅព្រឹកនេះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ស្ពានថ្មីទាំង ២ខ្សែនេះ នឹងបំពេញនូវចន្លោះខ្វះខាត នៃផ្លូវខ្សែក្រវ៉ាត់ក្រុងភ្នំពេញ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើចរាចរបាន ដោយពុំចំាបាច់ចូលក្រុងនោះឡើយ។

បច្ចុប្បន្ន គម្រោងស្ពាននេះ កំពុងស្ថិតក្រោមការសិក្សា និងកំពុងរកប្រភពថវិកា ហើយរដ្ឋាភិបាល នឹងធ្វើជូនប្រជាពលរដ្ឋជាដាច់ខាត។

នៅព្រឹកនេះ ផ្លូវក្រវ៉ាត់ក្រុងទី ២ កំណាត់ទី ១ គឺមហាវិថីភ្នំពេញ ហាណូយ ប្រវែង ១០គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ខណៈ ផ្លូវក្រវ៉ាត់ក្រុងទី ២ កំណាត់ទី ២ ពីស្តុបផ្សារដីហុយ ទៅព្រែកហូរ ប្រវែងជិត ១៧គីឡូម៉ែត្រ ត្រូវបានសម្ពោធចាប់ផ្តើមសាងសង់ នៅថ្ងៃនេះ។

ផ្លូវខ្សែក្រវ៉ាត់ក្រុងទី ២ ទាំង ២កំណាត់ មានប្រវែងសរុបជាង ២៧គីឡូម៉ែត្រ នឹងចំណាយថវិកាសាងសង់ជាង ៧០លានដុល្លារអាមេរិក ដោយកំណាត់ទី ១ ចំណាយជាង ១០លានដុល្លារអាមេរិក និងកំណាត់ទី ២ ចំណាយជាង ៦២លានដុល្លារអាមេរិក។

គួរជម្រាបដែរថា ផ្លូវក្រវ៉ាត់ក្រុងថ្មីនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជម្រុញការរីកលូតលាស់នៅតាមតំបន់អមសងខាងផ្លូវ ងាយស្រួលដល់ការដឹកជញ្ជូនទំនិញ និងកាន់តែទាក់ទាញវិនិយោគិន ក៏ដូចភ្ញៀវទេសចរអន្តរជាតិ ឲ្យមកកម្ពុជាបានកាន់តែច្រើន៕

មតិយោបល់