ព័ត៌មានបច្ចេកវិទ្យា

Facebook ចាប់ផ្តើមដោតទង់សម្គាល់ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គមរបស់ខ្លួន

ដូចតាមការសន្យា ក្រុមហ៊ុន Facebook បានចាប់ផ្តើមចេញវិធានការជាក់ស្តែងដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលបាននិងកំពុងបំពុលបរិយាកាសនៃបណ្តាញសង្គមរបស់ខ្លួន តាមរយៈការដាក់សញ្ញាសម្គាល់មួយនៅលើព័ត៌មានទាំងនោះ។ នេះបើយោងតាមរបាយការណ៍ព័ត៌មានលើគេហទំព័រ Recode។

វិធានការថ្មីនេះ គឺជាផ្នែកមួយនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលខ្លួនបានសន្យាកាលពីខែធ្នូកន្លងទៅនេះ​ ដោយរាល់ព័ត៌មានទាំងឡាយណាដែលត្រូវបានប្រព័ន្ធរកឃើញថាជាព័ត៌មានមិនពិត នោះវានឹងដោតសញ្ញាសម្គាល់មួយនៅពីក្រោមព័ត៌មានទាំងនោះដោយភ្ជាប់មកជាមួយពាក្យ “Disputed”។

ឧទាហរណ៍ ព័ត៌មានក្លែងក្លាយមួយដែលបានបង្ហោះផ្សាយថា “ឧបករណ៍ Android របស់លោកប្រធានាធិបតី Donald Trump គឺជាប្រភពនៃការបែកធ្លាយព័ត៌មានសម្ងាត់របស់សេតវិមានក្នុងមួយរយៈកាលចុងក្រោយនេះ”។

ទោះយ៉ាងណា Facebook មិនបានប្រាប់ថា វាជាព័ត៌មានក្លែងក្លាយនោះទេ គឺគ្រាន់តែដាក់ថា វាជាព័ត៌មានដែល“មានវិវាទ” ហើយអ្នកប្រើប្រាស់អាចចូលទៅឆែកមើលមូលហេតុនៃការដាក់បែបនេះ តាមអាសយដ្ឋាននៃគេហទំព័រ​ឆែករកភាពពិតនៃព័ត៌មានផ្សេងៗដូចជា Snopes.com និង Politifact ជាដើមបាន។

គួររំឭកថា បណ្តាញទំនាក់ទំនងសង្គមយក្សរបស់អាមេរិកមួយនេះ ត្រូវគេចោទថា បានផ្តល់វេទិកាសម្រាប់ការបង្ហោះផ្សាយព័ត៌មានក្លែងក្លាយ ដែលបានជះឥទ្ធិពលដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីអំឡុងចុងឆ្នាំ ២០១៦៕

មតិយោបល់