ព័ត៌មានសេដ្ឋកិច្ច

ឆ្នាំនេះ វៀតណាម នឹងក្លាយជាប្រទេសផលិតអង្ករធំជាងគេលំដាប់ទី ៥ ក្នុងពិភពលោក

យោងតាមរបាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងក្លាយជា ប្រទេសផលិតអង្ករធំជាងគេលំដាប់ទី ៥ ក្នុងពិភពលោក នៅក្នុងឆ្នាំ ២០១៧នេះ។

ប្រទេសដែលផលិតអង្ករធំជាងគេរបស់ពិភពលោកគឺ ប្រទេសចិន (១៤២លានតោន) ប្រទេសឥណ្ឌា (១១០លានតោន) បន្ទាប់មកគឺប្រទេសឥណ្ឌូនេស៊ី និងប្រទេសបង់ក្លាដេស។

បើទោះបីជា ការនាំចេញអង្ករមានការធ្លាក់ចុះ ២ឆ្នាំជាប់ៗគ្នាកន្លងទៅនេះ នៅក្នុងឆ្នាំ ២០១៧នេះ ការនាំចេញអង្ករ ត្រូវបានរំពឹងថា នឹងកើនឡើងប្រមាណ ៥ភាគរយ គឺ ៤៤លានតោន បើធៀបនឹង ៤៣លានតោន កាលពីឆ្នាំមុន។

ប្រទេសឥណ្ឌា នឹងនៅតែជាប្រទេសនាំចេញអង្ករធំជាងគេ ខណៈប្រទេសថៃ និងវៀតណាម ត្រូវបានព្យាការណ៍ថា នឹងបន្ថែមការនាំចេញជាបន្តបន្ទាប់ទៀត។

គួរជម្រាបដែរថា ប្រទេសវៀតណាម បាននាំអង្ករចេញជិត ៥លានតោន កាលពីឆ្នាំ ២០១៦កន្លងទៅ៕

មតិយោបល់