ព័ត៌មានសេដ្ឋកិច្ច

ផ្លូវជាតិលេខ៥១ ប្រវែងជិត៣៨គ.ម. តម្លៃជាង៤០លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

ផ្លូវជាតិលេខ ៥១ ប្រវែងជិត ៣៨គីឡូម៉ែត្រ គ្រោងចំណាយទឹកប្រាក់ ៤០លានដុល្លារអាមេរិក​ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីព្រឹកមិញនេះ។ នេះបើយោងតាមគេហទំព័ររបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។

ផ្លូវជាតិលេខ ៥១ នឹងតភ្ជាប់ផ្លូវជាតិលេខ ៥ ស្រុកឧត្តុង ទៅផ្លូវជាតិលេខ ៤ ស្រុកអង្គស្នួល ដែលស្ថិតក្រោមហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលចិន ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២០ខាងមុខនេះ។

ផ្លូវនេះ នឹងក្លាយជាផ្លូវតភ្ជាប់សំខាន់ និងជាផ្លូវក្រវ៉ាត់ក្រុងភ្នំពេញផ្នែកខាងក្រៅ តភ្ជាប់ពីផ្លូវជាតិលេខ ៥ ទៅផ្លូវជាតិលេខ ៤ ឆ្ពោះទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

គួរជម្រាបដែរថា ផ្លូវជាតិលេខ ៥១នេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយកាត់បន្ថយចំណាយលើពេលវេលាដឹកជញ្ជូន និងពន្លឿនការដឹកជញ្ជូនភស្តុភារផងដែរ៕

មតិយោបល់