ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា សម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មី នៅក្នុង ទីក្រុងហៃនីង ប្រទេសចិន

កម្ពុជា បានបើកសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀត នៅទីក្រុងហៃនីង សាធារណរដ្ឋប្រជាមានិតចិន កាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បីជម្រុញការនាំចេញផលិតផលខ្មែរ ស្វែងរកទីផ្សារនៅក្រៅប្រទេស និងផ្សព្វផ្សាយវប្បធម៌ខ្មែរ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម។

លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវ មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀត ក្នុងផ្សារទំនើប China Import Food Mall នាទីក្រុងហៃនីង ខេត្តជឺជាំង។

កាលពីខែតុលាកន្លងទៅនេះ កម្ពុជា បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅចិនចំនួន ៣កន្លែង ដោយមិនមានតម្លៃឈ្នួលគឺ៖

១.ទីតាំងនៅទីក្រុងប៉េកាំង សហការជាមួយក្រុមហ៊ុន HYT International Transport Service Pty. Ltd

២. ទីតាំងនៅទីក្រុងសៀងហៃ សហការជាមួយក្រុមហ៊ុន Shanghai Spring International Service (Group Co. Ltd

៣. ទីតាំងនៅទីក្រុងក្វាងចូវ សហការជាមួយក្រុមហ៊ុន Guangzhou Jinsui Industry Group Co. Ltd។

ក្រសួងពាណិជ្ជកម្ម បានបង្ហាញការគាំទ្រ ចំពោះគម្រោងនេះ ដែលរំពឹងជួយជម្រុញកំណើនពាណិជ្ជកម្ម ផ្សព្វផ្សាយវប្បធម៌ និងជម្រុញកំណើនទេសចរណ៍ រវាងប្រទេសទាំងពីរផងដែរ។

គួរជម្រាបផងដែរថា ទំហំពាណិជ្ជកម្មទេ្វភាគីរវាងកម្ពុជា និងចិន នៅក្នុងឆ្នាំ ២០១៥ មានទឹកប្រាក់ប្រមាណ ៤.៤ពាន់លានដុល្លារអាមេរិក ហើយសន្យានឹងបង្កើនឲ្យដល់ ៥ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៧ខាងមុខនេះ៕

15025168_1342373422442199_5325760708313836443_o 14991248_1342373495775525_4632177055037408906_o 14976765_1342373535775521_5274327525863559895_o 14991182_1342373599108848_4373731023137434434_o

មតិយោបល់