ព័ត៌មានសេដ្ឋកិច្ច

ជប៉ុន ស្នើសុំបំពាក់ម៉ាស៊ីនចំណតបង់ប្រាក់ទំនើប ក្នុង ៦ទីតាំង នៅរាជធានីភ្នំពេញ

ជប៉ុន បានស្នើសុំយកចំណតចំនួន ១៦០ចំណត ដែលបំពាក់ម៉ាស៊ីនចំណតទំនើប ដាក់ក្នុង ៦ទីតាំង ដើម្បីសម្រួលដល់សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពទីក្រុង។ នេះបើយោងតាមគេហទំព័ររដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយកាលពីម្សិលមិញនេះ។

កាលពីម្សិលមិញនេះ លោក ស៊ុយសេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានជួបពិភាក្សាជាមួយតំណាង JICA និងក្រុមហ៊ុន សូណាត្រា ខាលីង អំពីការផ្សព្វផ្សាយបច្ចេកវិទ្យាជប៉ុន ក្នុងការបំពាក់ម៉ាស៊ីនចំណត នៅសង្កាត់វត្តភ្នំ សង្កាត់ចតុមុខ សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ រយៈពេល ១៨ខែ។

ការវិនិយោគលើអាជីវកម្ម-សេវាកម្មចំណតរថយន្តបង់ប្រាក់ នឹងត្រូវបានកំណត់តម្លៃដែលសមស្រប និងអាចទទួលយកបានពីគ្រប់ភាគី ព្រមទាំងរៀបចំឲ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងរយៈពេលដំណើរការ។

កាលពីខែកក្កដា កន្លងទៅ លោក ប៉ា សុជាតិវង្ស ក៏ធ្លាប់បានបង្ហើបពីការរៀបចំទីតាំងចំណតមួយចំនួន ក្នុងរាជធានីភ្នំពេញដូចជា ចំណុចជុំវិញផ្សាររាត្រី សួនខាងកើតឌ្រីមលេនឌ៏ ផ្លូវស៊ូស្រ៊ុនវត្តបទុមវតី ខាងកើតសណ្ឋាគារសាន់វេ សួនច្បាររូបហង្ស និងទីតាំងនានាជុំវិញវត្តភ្នំជាដើម។

គួរជម្រាបផងដែរថា សាលារាជធានីភ្នំពេញ ក៏កំពុងសាងសង់ចំណតរថយន្តក្រោមដី ដែលមានជម្រៅចុះក្រោម ៣ជាន់ និងអាចដាក់រថយន្តរហូតដល់ ៣០០គ្រឿង តែសម្រាប់ថវិកាសាងសង់គម្រោងនេះ មិនទាន់អាចបញ្ជាក់ប្រាប់បាននៅឡើយទេ៕

មតិយោបល់