ក្រុមហ៊ុន Visa បានប្រកាសចេញនូវចក្ខុវិស័យថ្មីមួយ នៅឯព្រឹត្តិការណ៍ South by Southwest Festival នាទីក្រុង Austin រដ្ឋ Texas ដោយចង់ប្រែក្លាយសម្ភារបំពាក់កាយប្រចាំថ្ងៃរបស់មនុស្ស ឱ្យអាចប្រើសម្រាប់ទូទាត់ថ្លៃទំនិញបានដូចជាសេវាកម្មទូទាត់ថ្លៃទំនិញតាមទូរសព្ទចល័ត Samsung Pay និង Android Pay អីចឹងដែរ។
ការប្រកាសចេញនូវគំនិតច្នៃប្រឌិតដ៏ថ្មីស្រឡាងនេះ ត្រូវបានក្រុមហ៊ុនធ្វើឡើងព្រមជាមួយការឧទេ្ទសនាមវ៉ែនតាគំរូថ្មីមួយ ដែលមើលទៅមានលក្ខណៈមិនខុសអ្វីពីវ៉ែនតាការពារកម្តៅថ្ងៃធម្មតានោះទេ លើកលែងតែបន្ទះឈីប NFC (Near Field Communication) តូចមួយ នៅលើដងម្ខាងរបស់វាប៉ុណ្ណោះ។ តាមរយៈបន្ទះឈីបដែលអាចបញ្ចូនទិន្នន័យដោយឥតប្រើខ្សែនេះ អ្នកប្រើប្រាស់អាចតភ្ជាប់ទៅកាន់គណនី Visa របស់ខ្លួន និងទូទាត់ថ្លៃទំនិញដោយគ្រាន់តែយកវ៉ែនតានោះទៅដាក់ក្បែរម៉ាស៊ីនដែលគាំទ្រជាមួយប្រព័ន្ធ NFC រួចរងចាំដំណើរការផ្ទេរទឹកប្រាក់រយៈពេលត្រឹមតែ ១ ទៅ ២ វិនាទី ជាការស្រេច។
លោក Chris Curtin ប្រធានផ្នែកទីផ្សារ និងម៉ាកសញ្ញារបស់ក្រុមហ៊ុន Visa បានថ្លែងឱ្យដឹងថា «យើងមានចក្ខុវិស័យចង់ផ្លាស់ប្តូរវត្ថុប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗឱ្យក្លាយទៅជាឧបករណ៍ដែលអាចប្រើសម្រាប់ទូទាត់ថ្លៃទំនិញបាន»។ ក្នុងន័យនេះ ពិភពលោកនឹងឃើញគម្រូឧបករណ៍ប្រភេទនេះកាន់តែច្រើនឡើងៗពី Visa នៅថ្ងៃអនាគត សូម្បីតែចិញ្ចៀនក៏ដោយ ក៏អាចប្រើសម្រាប់បង់ថ្ងៃទំនិញ និងសេវាកម្មផ្សេងៗបានផងដែរ។
វ៉ែនតាការពារកម្តៅថ្ងៃដែលមានបំពាក់ប្រព័ន្ធ NFC របស់ក្រុមហ៊ុនផ្តល់សេវាកម្មទូទាត់ថ្លៃទំនិញតាមកាតឥណទានធនាគារធំបំផុតរបស់ពិភពលោកមួយនេះ បច្ចុប្បន្ន គឺគ្រាន់តែជាផលិតផលគំរូមួយប៉ុណ្ណោះ ពោលគឺ វាមិនទាន់មានលក់នៅលើទីផ្សារនៅឡើយទេ។ ប៉ុន្តែ ក្រុមហ៊ុនកំពុងព្យាយាមប្រកូកប្រកាសរកការសហការជាមួយធនាគារមួយ ឬពីរ ហើយនៅពេលដែលវាបានសម្រេច ផលិតផលច្នៃបង្កើតថ្មីដ៏ទំនើបអស្ចារ្យនេះ នឹងមានដាក់លក់ជាមិនខាន៕

ប្រភពព័ត៌មានៈ androidauthority
មតិយោបល់