ក្រោយពីដាក់ដំណើរការបានប្រមាណ ៣ខែកន្លងមក រោងចក្រផលិតចំណីសត្វរបស់ លោកឧកញ៉ា ម៉ុង ឫទ្ធី គឺដំណើរការបានល្អ អាចផលិតបាន ២០តោន ក្នុងមួយម៉ោង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។
ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ ២០១៧នេះ រោងចក្រផលិតបាន ២០តោនក្នុង ១ម៉ោង ពោលគឺផលិតបានចន្លោះពី ៧,០០០ ទៅ ១០,០០០តោន ក្នុង១ខែ ហើយអាចឈានដល់ ១០ម៉ឺនតោន ក្នុង១ឆ្នាំ។
លោកឧកញ៉ា ម៉ុង ឫទ្ធី ធ្លាប់បានលើកឡើងថា លោកមានមោទនភាព ដែលកសិករកម្ពុជា បានដឹកកសិផលមកលក់ឲ្យរោងចក្រ ប្រមាណជិត ១០០តោនជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យសង្វាក់ផលិតកម្មកាន់តែប្រសើរឡើង។
បច្ចុប្បន្ន ចំណីសត្វដែលផលិតបាន គឺស្តុកទុកក្នុងឃ្លាំង មានប្រមាណជា ១ពាន់តោន ដែលត្រូវបញ្ចេញទៅតាមកសិដ្ឋាននានាប្រមាណជា ១០០តោន ជារៀងរាល់ថ្ងៃ។
រោងចក្រផលិតចំណីសត្វ ម៉ុង ឬទ្ធី ដែលចំណាយដើមទុនប្រមាណ ១០លានដុល្លារអាមេរិក មានឈ្មោះថា ក្រុមហ៊ុន M’s Pig ACMC ដែលមានសមត្ថភាពផលិតចំណីសត្វប្រមាណ ១០ម៉ឺនតោនក្នុងមួយឆ្នាំ នឹងមានទីតាំងនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រោងចក្រដ៏ថ្មីនេះ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប អាចផ្តល់ការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាកសិករ អាចលក់ផលិតផលកសិកម្មរបស់ពួកគេ សម្រាប់ធ្វើជាវត្ថុធាតុដើម ផលិតចំណីសត្វ៕
មតិយោបល់