សាលារាជធានីភ្នំពេញ កំពុងត្រួតពិនិត្យលក្ខណៈបច្ចេកទេស គម្រោងរៀបចំចំណតរថយន្តក្រោមដី និងកន្លែងសេវាកម្មផ្សេងៗទៀត ដែលស្ថិតលើចន្លោះផ្លូវ ១០៦, ១០៨, ១៣, ១៩ ក្នុងសង្កាត់វត្តភ្នំ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយកាលពីម្សិលមិញ។
ក្រោយកិច្ចប្រជុំរវាង លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ និង ក្រុមហ៊ុន អ៊ីឌីស៊ីយូតា ខេមបូឌា ខូអិលធីឌី ប្លង់បច្ចេកទេសគម្រោងនេះ ត្រូវបានសម្រេចទទួលយក តែក្រុមហ៊ុនត្រូវតែសិក្សាបន្ថែមអំពី ស្ថានភាពទីតាំងឲ្យបានច្បាស់លាស់ ដូចជាប្រព័ន្ធទឹកស្អាត អគ្គិសនី ប្រព័ន្ធលូសាធារណៈដែលកប់ក្រោមដីជាដើម។
លើសពីនេះទៅទៀត ក្រុមហ៊ុនក៏ត្រូវសិក្សាពី សោភ័ណ្ឌភាពផ្នែកខាងលើឲ្យមានភាពទាក់ទាញ និងសិក្សាបន្ថែមនូវផលប៉ះពាល់គ្រោះថ្នាក់ដោយធម្មជាតិ ដូចជាទឹកជំនន់ ដើម្បីបង្ការទុកនូវ បញ្ហាដែលមិនអាចដឹងជាមុន។
គួរបញ្ជាក់ថា គម្រោងចំណតរថយន្តក្រោមដីនេះ មានជម្រៅ ២ជាន់ នឹងអាចផ្ទុករថយន្តបានប្រមាណ ៣០០គ្រឿង៕



មតិយោបល់