ប្រាសាទអង្គរវត្តរបស់ខ្មែរ ជាប់ចំណាត់ថ្នាក់លេខ ១ ជាសំណង់ប្រវត្តិសាស្រ្តដ៏អស្ចារ្យបំផុតលើពិភពលោក ក្នុងឆ្នាំ ២០១៧។ នេះបើយោងតាមការចេញផ្សាយរបស់ អាជ្ញាធរជាតិអប្សរា កាលពីម្សិលមិញនេះ។
គេហទំព័រ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្រ្ត ដោយលទ្ធផលបានមកពី ការចូលរួមបោះឆ្នោតពី ភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក។
នេះជាឆ្នាំទី ៤ហើយ ដែលប្រាសាទអង្គរវត្តរបស់កម្ពុជា ត្រូវបានភ្ញៀវទេសចរនៅលើពិភពលោកបោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់ថ្នាក់លេខ ១ ជាប់ៗគ្នាតាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា។
កាលពីឆ្នាំ ២០១៦កន្លងទៅ ប្រាសាទអង្គរវត្ត បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងបញ្ជី Lonely Planet ជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុត ក្នុងចំណោមគោលដៅទេសចរណ៍ចំនួន ៥០០កន្លែង នៅជុំវិញពិភពលោក។
ចំនែកឯ ចំណាត់ថ្នាក់លេខ ២ បានទៅលើ មហាកំផែងផ្កាថ្មសមុទ្ររបស់ ប្រទេសអូស្រ្តាលី និងលេខ ៣ បានទៅលើ ទីក្រុងបូរាណ «Machu Picchu» ប៉េរ៉ូ នៅទ្វីបអាមេរិកខាងត្បូង។
កាលពីឆ្នាំ ២០១៥ ប្រាសាទអង្គរវត្តរបស់កម្ពុជា ក៏បានទទួលពានរង្វាន់លេខ ១ ជាប្រាសាទលេចធ្លោជាងគេលើពិភពលោក នៅលើគេហទំព័រទេសចរណ៍ TripAdvisor ដ៏ល្បីល្បាញផងដែរ។
គួរជម្រាបផងដែរថា ខេត្តសៀមរាប របស់ប្រទេសកម្ពុជា បានជាប់ជាទិសដៅទេសចរលេខ ២ នៅលើពិភពលោក កាលពីឆ្នាំ ២០១៥ នៅលើគេហទំព័រទេសចរណ៍ TripAdvisor ដែលរំពឹងទទួលបានលេខ ១ នៅក្នុងឆ្នាំនេះផងដែរ៕
មតិយោបល់