សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ ទំហំកម្ចីចាប់ពី ៣០០០ដុល្លារអាមេរិកឡើងទៅ ទើបអត្រាការប្រាក់ ១៨ភាគរយ ក្នុងមួយឆ្នាំ អាចស៊ីសងគ្នាបាន ពោលគឺ កម្ចីដែលមានទំហំក្រោម ៣០០០ដុល្លារអាមេរិក ត្រូវការចំណាយលើថ្លៃរដ្ឋបាលច្រើន ទាល់តែចាប់ពី ៣០០០ដុល្លារ ទើបអាចទៅរួច។ នេះបើយោងតាមការឲ្យដឹងពី សន្និសីទសារព័ត៌មាន ធ្វើឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ។
យ៉ាងណាមិញ ចំពោះកម្ចីក្រោម ៣០០០ដុល្លារ គឺគ្រឹះស្ថានមីក្រូហិរញ្ញនានា នៅតែបន្តផ្តល់ជូនដដែល ពុំមានបំណងលុបបំបាត់នោះទេ បើទោះបីជា វាអាចប៉ះពាល់ដល់ប្រាក់ចំណូលរបស់គ្រឹះស្ថានក៏ដោយ។
លោក ហួត អៀងតុង ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងដែរថា បើទោះបីជា មានការកំណត់ពិដានអត្រាការប្រាក់ត្រឹម ១៨ភាគរយ ក្នុងមួយឆ្នាំ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា គឺនៅតែបន្តដើរទៅមុខ ពុំមានបំណងដកខ្លួន ឬប្រកាសក្ស័យធន ដោយសារបញ្ហានេះឡើយ។
លោក ប៊ុន មុនី សមាជិកក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា វាហាក់បីដូចជាលំបាកបន្តិចសម្រាប់ការកំណត់ពិដានអត្រាការប្រាក់នេះ ដែលទាមទារឲ្យគ្រឹះស្ថាននានា កាត់បន្ថយចំណាយមិនចាំបាច់ និងព្យាយាមគ្រប់គ្រងឲ្យមានប្រសិទ្ធភាព ដើម្បីបន្តដំណើរការអាជីវកម្ម។
លោក សុខ វឿន សមាជិកក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានឲ្យដឹងដែរថា កម្ចីចាប់ពី ៣០០០ដុល្លារឡើង គឺអាចទៅរួច ហើយក៏គ្មានការបោះបង់កម្ចីក្រោម ៣០០០ដុល្លារដែរ ព្រោះកម្ចីទាំងនេះ ជាមូលដ្ឋានគ្រឹះ សម្រាប់មីក្រូហិរញ្ញវត្ថុនាពេលខាងមុខ។
គួររម្លឹកដែរថា ធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ពិដានអត្រាការប្រាក់ឥណទាន ខ្ពស់បំផុតត្រឹម ១៨ភាគរយ ក្នុង១ឆ្នាំ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៧ខាងមុខនេះ៕
មតិយោបល់