អត្រាអត់ការងារធ្វើនៅកម្ពុជា បានធ្លាក់មកត្រឹមតែ ០.៧ភាគរយប៉ុណ្ណោះ ដែលបានជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកស្ទួយដល់សេដ្ឋកិច្ចជាតិ។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើង ប្រជាពលរដ្ឋដែលគ្មានការងារធ្វើ ០.៧ភាគរយ គឺដោយសារតែពួកគេខ្វះចំណេះ និងជំនាញ ដែលមិនទាន់ទទួលបាន ព័ត៌មានគ្រប់គ្រាន់ពីទីផ្សារការងារ និងមានពលរដ្ឋខ្លះ មិនចង់ធ្វើការតែម្តង ដោយពឹងផ្អែកទៅលើក្រុមគ្រួសារ។
អត្រាមានការងារធ្វើរហូតដល់ ៩៩.៣ភាគរយ ជាអត្រាមួយខ្ពស់ដោយសារកំណើនសេដ្ឋកិច្ចបានកើនដល់ ៧ភាគរយក្នុងមួយឆ្នាំ និងផ្តល់ឱកាសដល់ ការវិនិយោគបង្កើតរោងចក្រ សេវាកម្មថ្មីៗ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ការដឹកជញ្ជូនផ្សេងដល់កម្លាំងពលកម្មថ្មីចំនួន ៣០ម៉ឺននាក់ចូលក្នុងទីផ្សារការងារក្នុងមួយឆ្នាំៗ។
គួរជម្រាបដែរថា ទីផ្សារការងារច្រើនជាងគេរួមមាន៖ ផ្នែកឧស្សាហកម្មកាត់ដេរ ស្បែកជើង ផ្នែកផលិតសម្ភារធ្វើដំណើរ គ្រឿងបន្សុំផ្នែកអេឡិចត្រូនិកដូចជា ទូរស័ព្ទ ម៉ូទ័រ និងគ្រឿងអេឡិចត្រូនិកផ្នែករថយន្ត ផ្នែកឧស្សាហកម្មមានជំនាញខ្ពស់ ផ្នែកសំណង់ កសិកម្ម និងកសិឧស្សាហកម្ម៕
មតិយោបល់