ពោធិ៍សាត់ៈ ស្រូវលេខ ១ ដែលមានគុណភាពល្អ ត្រូវបានលក់ក្នុងតម្លៃ ៨៩០៛ ក្នុងមួយគីឡូក្រាម ខណៈស្រូវលេខ ២ មានគុណភាពមធ្យម លក់ក្នុងតម្លៃ ៨៦០៛ ក្នុងមួយគីឡូក្រាម នឹងស្រូវលេខ ៣ មានគុណភាពអន់ លក់ក្នុងតម្លៃ ៨៤០៛ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃស្រូវក្នុងខេត្តពោធិ៍សាត់ គិតត្រឹមថ្ងៃទី ១៧ ខែកញ្ញា។ នេះបើយោងតាមគេហទំព័រ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយកាលពីព្រឹកមិញ ប្រមាណជា ១ម៉ោងមុននេះបន្តិច។
ក្រោយកិច្ចប្រជុំរវាង មន្ទីរកសិកម្មខេត្ត-ស្រុក លោក សៅ ដារឿន អភិបាលស្រុកបាកាន លោក វង់ វឿន និងលោក រស់ ប៊ុនធែល សមាជិកក្រុមប្រឹក្សាស្រុក ម្ចាស់រោងម៉ាស៊ីនកិនស្រូវកុកគី ព្រមទាំងឈ្មួញលក់ដូរស្រូវ បានស្វែងរកដំណោះស្រាយទីផ្សារស្រូវ ដោយទទួលយកតម្លៃស្រូវ ៣ប្រភេទដូចបានរៀបរាប់ខាងលើ។
គួរបញ្ជាក់ថា មកទល់ពេលនេះ រោងម៉ាស៊ីនកុកគី បានប្រមូលទិញស្រូវសែនក្រអូប និងផ្ការំដួលបានជាង ១ម៉ឺនតោន ហើយសម្រាប់រោងម៉ាស៊ីនកុកគី អាចផ្គត់ផ្គង់បាន ១ម៉ឺន ៥ពាន់តោន។ យ៉ាងណាមិញ ធនាគារអភិវឌ្ឍន៍ជនបទបានជួប និងពិភាក្សាការងារលើតម្លៃស្រូវ ជាមួយម្ចាស់រោងម៉ាស៊ីនកុកគី ដោយព្រមព្រៀងជួយថែរក្សាតម្លៃស្រូវ ឲ្យនៅក្នុងកំរិតមួយសមស្រប មិនឲ្យធ្លាក់ចុះពេក និងទៅតាមគុណភាពគ្រាប់ស្រូវផងដែរ៕


មតិយោបល់