នៅសល់តែ ១៣ថ្ងៃទៀត ប្រាក់ខែជាអប្បបរមារបស់ កម្មករនឹងឡើងដល់ ១៧០ដុល្លារ/ខែ ដែលជាការពិត ម្ចាស់រោងចក្រមានលទ្ធភាពដោះស្រាយបានតែ ១៦៥ដុល្លារប៉ុណ្ណោះ ប៉ុន្តែ រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ៤០លានដុល្លារក្នុង១ឆ្នាំ ដើម្បីបន្ថែមជួយកម្មករដោយក្នុងម្នាក់ៗ ទទួលបាន ៥ដុល្លារ ទើបប្រាក់ខែនៅក្នុងឆ្នាំ ២០១៨ គឺទទួលបាន ១៧០ដុល្លារអាមេរិក។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន។
ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ ២០១៨ គឺកើនដល់ ១៧០ដុល្លារអាមេរិក ក្នុងមួយខែ នេះបើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្រាប់ ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដែលកម្មករនិយោជិត ធ្លាប់ទទួលបាន ត្រូវរក្សាទុកដដែល។
ចាប់ពីឆ្នាំ ២០១៩តទៅ កម្មករនិយោជិតទាំងអស់ នឹងទទួលបានប្រាក់ចូលនិវត្តន៍ (ប្រាក់រឺ ត្រែត) ដូចមន្រ្តីរាជការដែរ ពោលគឺ ពេលមានកម្លាំងធ្វើការទទួលបានប្រាក់ខែ ហើយពេលចាស់ទៅធ្វើការមិនកើត ក៏មានប្រាក់រឺត្រែតដែរ។
ដើម្បីឲ្យស្របទៅនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប្រាក់ឈ្នួលអប្បបរមាកម្មករ ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នឹងត្រូវដំឡើងរៀងរាល់ឆ្នាំ ដោយមិនរាប់បញ្ចូលប្រាក់បន្ថែមផ្សេងទៀត។
សម្រាប់ស្រ្តីជាកម្មការិនី មានផ្ទៃពោះ អាចឈប់បាន ១៥នាទីមុនម៉ោង និងត្រូវបានផ្តល់ប្រាក់បន្ថែម ១២០ភាគរយ សម្រាប់សម្រួលនៅពេលឆ្លងទន្លេ។
ទន្ទឹមនឹងនេះ សាលារាជធានីភ្នំពេញ នឹងផ្តល់សេវាឡានក្រុងសាធារណៈ ដោយឥតគិតថ្លៃ រយៈពេល ២ឆ្នាំ ដល់កម្មករ កម្មការិនីទាំងអស់ ដោយគ្រាន់តែបង្ហាញកាតការងារ។
ជាចុងក្រោយ ចាប់ពីខែមករា ឆ្នាំ ២០១៨ទៅ កម្មករនិយោជិតទាំងអស់ មិនចាំបាច់បង់ថ្លៃ ចំពោះសេវារបស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពទៀតឡើយ គឺនិយោជក (ក្រុមហ៊ុន) នឹងទទួលរ៉ាប់រងលើចំណាយនេះទាំងអស់៕
មតិយោបល់