ព័ត៌មានសេដ្ឋកិច្ច

ចំណតកំពង់ផែពហុបំណង តម្លៃជាង ២០០លានដុល្លារ សាងសង់បានជាង ៧០ភាគរយ

ចំណតកំពង់ផែពហុបំណង ខេត្តព្រះសីហនុ ដែលបោះទុនប្រមាណ ២០០លានដុល្លារអាមេរិក សម្រេចការសាងសង់បានជាង ៧០ភាគរយហើយ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចេញផ្សាយកាលពីពេលថ្មីៗនេះ។

កំពង់ផែថ្មីនេះ មានប្រវែង ៣៥០ម៉ែត្រ និងជម្រៅ ១៤ម៉ែត្រកន្លះ ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០១៨ខាងមុខ

កំពង់ផែទឹកជ្រៅកម្ពុជា ដែលគ្រោងនឹងបញ្ចប់ការសាងសង់នាពេលឆាប់ៗខាងមុខនេះ​ អាចជួយកាត់បន្ថយថ្លៃចំណាយដឹកជញ្ជូនតាមផ្លូវសមុទ្រ បានប្រមាណពី ៣០០ ដល់ ៤០០ដុល្លារអាមេរិក ក្នុង ១កុងតឺន័រ។ នេះបើយោងតាមការឲ្យដឹងពីលោក លូ គឹមឈន់ អគ្គនាយកកំពង់ផែខេត្តព្រះសីហនុ។

កំពង់ផែថ្មីនេះ អាចទទួលនាវាធំៗខ្នាតយក្សប្រមាណ ៩៣ភាគរយ មកពីជុំវិញពិភពលោក ដឹកកុងតឺន័រចូលចតបាន អាចធ្វើឲ្យតម្លៃដឹកជញ្ជូនតាមសមុទ្រនៅកម្ពុជា ចុះទាប អាចប្រហាក់ប្រហែលប្រទេសជិតខាង ហើយបរិមាណកុងតឺន័រឆ្លងកាត់ អាចលើសពី ១លានកុងតឺន័រ ក្នុងមួយឆ្នាំ។

ការកាត់បន្ថយចំណាយនេះ នឹងធ្វើឲ្យទំនិញចេញចូល កាន់តែមានការប្រកួតប្រជែង និងធ្វើឲ្យប្រសិទ្ធភាពសេដ្ឋកិច្ច កាន់តែប្រសើរឡើង។

គួរជម្រាបដែរថា ខេត្តព្រះសីហនុ នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ដែលត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ទាំងផ្លូវ ផ្លូវដែក និងកំពង់ផែ៕

មតិយោបល់