ខ្សែភ្លើងកប់ក្រោមបាតសមុទ្រលើកទីមួយនៅកម្ពុជា នឹងត្រូវបានដាក់បញ្ជូនប្រភពអគ្គិសនី ឆ្លងកាត់មហាសមុទ្រទៅឲ្យកោះស្តេច ជួយបញ្ចុះថ្លៃអគ្គិសនីលើសពី ៥០ភាគរយទៀតផង ចាប់ពីថ្ងៃនេះតទៅ។ នេះបើយោងតាមគេហទំព័ររបស់ អាជ្ញាធរអគ្គិសនីកម្ពុជា ចេញផ្សាយប្រមាណជា ១ម៉ោងមុននេះ។
ខ្សែភ្លើងនេះ ជាខ្សែទីមួយហើយ ដែលត្រូវកប់ក្រោមបាតសមុទ្រ តភ្ជាប់ទៅកាន់កោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ប្រភពអគ្គិសនីនេះ ភ្ជាប់ជូនប្រជាពលរដ្ឋនៅកោះស្តេច ដើម្បីបញ្ចុះតម្លៃអគ្គិសនីពីបច្ចុប្បន្ន ២០៥០៛ ទៅ ១០០០៛ ក្នុងមួយគីឡូវ៉ាត់ម៉ោង ក្នុងដំណាក់កាលដំបូង និងបន្ទាប់មក ចុះមកត្រឹម ៧៩០៛។
លើសពីនេះទៅទៀត ក៏មានការអនុគ្រោះ២ទៀត គឺគិតត្រឹមតម្លៃ ៦១០៛ សម្រាប់អ្នកប្រើមិនលើស ៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ និង ៤៨០៛ សម្រាប់អ្នកប្រើមិនលើស ១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ។
គួរជម្រាបដែរថា ប្រជាពលរដ្ឋប្រមាណជា ៦០០គ្រួសារនៅលើកោះ និងអ្នកប្រកបអាជីវកម្មនានា បានអបអរសាទរយ៉ាងខ្លាំងចំពោះការជួយរបស់រាជរដ្ឋាភិបាល៕
មតិយោបល់