ព័ត៌មានជាតិ

ស្លាប់រាល់ថ្ងៃ! ស៊ុយសាគីនិច វ៉ាជែងដួលខ្ទាតចូលក្រោមរថយន្តហ៊ីណូ កិនស្លាប់ទាំងកណ្តាលថ្ងៃត្រង់

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីម៉ូតូម៉ាកស៊ុយសាគីនិច មួយគ្រឿង បើកវ៉ាជែងម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួលខ្ទាចចូលខាងក្រោមរថយន្តហ៊ីណូ កិនស្លាប់មួយរំពេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ឡៃ ភាព ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិព្រៃតាជ័យ ឃុំខ្សេនខ្សាន ស្រុកឧត្ដុង ខេត្តកំពង់ស្ពឺ។ ចំណែកអ្នកបើកបររថយន្តបង្ក មិនស្គាល់អត្តសញ្ញាណនោះទេ រត់គេចខ្លួនបាត់។

មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាក ស៊ុយសាគីនិច ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CA-2280 បើកបរក្នុងទិសដៅពីព្រៃវែង ទៅភ្នំពេញ ត្បូងទៅជើង លុះបានមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូជនរងគ្រោះបានវ៉ាជែងជាមួយម៉ូតូ១គ្រឿងទៀត បណ្តាលឲ្យដួលមកខាងឆ្វេងដៃ ខ្ទាតចូលក្រោមរថយន្តម៉ាកហ៊ីណូ ប្រភេទបែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ
3D-6417 បណ្តាលឲ្យបែកក្បាលស្លាប់មួយរំពេច។

បច្ចុប្បន្នមធ្យោបាយធ្វើដំណើរខាងលើ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីច្បាប់។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់