ព័ត៌មានសេដ្ឋកិច្ច

គម្រោងបុរី Woodland Residences ជាប់បណ្តោយផ្លូវសម្តេចតេជោ បើកសម្ពោធជាផ្លូវការ

គម្រោងបុរី Woodland Residences របស់ក្រុមហ៊ុន FURI Real Estate ជាប់បណ្តោយមហាវិថីសម្តេចតេជោ ៦០ម៉ែត្រ បានប្រកាសបើកសម្ពោធជាផ្លូវការនូវដំណាក់កាលទី ១ និងចាប់ផ្តើមដំណើរការដំណាក់ទី ២ កាលពីម្សិលមិញនេះ។

លោក លី សែនលាភ អគ្គនាយកក្រុមហ៊ុន FURI បានឲ្យដឹងថា បុរី Woodland លក់អស់ជាង ៨០ភាគរយហើយ ដែលគម្រោងនេះមានចម្ងាយត្រឹមតែ ២គីឡូម៉ែត្រពី ស្ពានព្រះមុនីវង្ស។

លោកបន្តថា ការអភិវឌ្ឍន៍គម្រោងបុរី Woodland គឺផ្តោតសំខាន់ទៅលើ ៥ចំណុច ដែលធ្វើឲ្យបុរីនេះ មានភាពលេចធ្លោជាងគេ​ រួមមាន ទីតាំង ភាពបៃតង ឌីហ្សាញ សេវាកម្មនិងបច្ចេកវិទ្យា នឹងគុណភាពសំណង់។

នាឱកាសនៃពិធីសម្ពោធនេះ លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងដែរថា វិស័យអចលនទ្រព្យនៅកម្ពុជា មិនផ្ទុះដូចអ្នកវាយតម្លៃដែលមើលតែមួយជ្រុងនោះទេ ព្រោះសេដ្ឋកិច្ចកម្ពុជាកំពុងតែរីកចម្រើនឥតឈប់ឈរ ធ្វើឲ្យជីវភាពប្រជាជនកាន់តែប្រសើរ ហើយតម្រូវការលំនៅដ្ឋានក៏កើនឡើងផងដែរ។

លោកបន្ថែមទៀតថា បច្ចុប្បន្នវិនិយោគិនទំាងក្នុង និងក្រៅប្រទេស កំពុងតែមានទំនុកចិត្ត ក្នុងការបណ្តាក់ទុនជាបន្តបន្ទាប់លើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ដោយសារតែវិស័យនេះ កាន់តែរីកចម្រើនទៅមុខជាលំដាប់។

គួរបញ្ជាក់ដែរថា បុរី Woodland គ្រោងចំណាយទុនប្រមាណជា ៧០លានដុល្លារអាមរិក អភិវឌ្ឍន៍លើផ្ទៃដីទំហំ ២.៥ហិកតា ដែលមានទីតាំងក្នុងក្រុងរណបថ្មី ភូមិទួលរការ៣ សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ៕

មតិយោបល់