ព័ត៌មានសេដ្ឋកិច្ច

ផ្លូវដែកឡាវ-ចិន ប្រវែង ៤២៧គីឡូម៉ែត្រ នឹងចាប់ផ្តើមស្ថាបនា ក្នុងខែធ្នូ ខាងមុខនេះ

ផ្លូវដែក ប្រវែង ៤២៧គីឡូម៉ែត្រ ដែលនឹងភ្ជាប់រដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ទៅកាន់ព្រំដែនចិន នឹងចាប់ផ្តើមស្ថាបនា នៅក្នុងខែធ្នូ ឆ្នាំ ២០១៦ ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី មន្ត្រីទទួលខុសត្រូវម្នាក់ បញ្ជាក់នៅ ក្រុងវៀងចន្ទន៍ កាលពីពេលថ្មីៗនេះ។

ក្រុមហ៊ុនសាងសង់ចិនចំនួន ៦ និងក្រុមហ៊ុនប្រឹក្សាចំនួន ៦ នឹងសហការគ្នាស្ថាបនា ផ្លូវដែកនេះឡើង នៅចុងឆ្នាំនេះ ដែលនេះជាប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។

នាយកគម្រោងស្ថាបនាផ្លូវដែកឡាវ-ចិន លោក Koung Souk Aloun ប្រាប់ដល់កាសែតអនឡាញរដ្ឋវៀងចន្ទន៍ថា «យើងបានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសាងសង់ ១ហើយ កាលពីឆ្នាំមុន ហើយយើងនឹងបន្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសាងសង់ ៥ទៀត និងក្រុមហ៊ុនប្រឹក្សា នៅក្នុងខែតុលា ខាងមុខនេះ»។

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវដែកនេះ នឹងចំណាយទុន ៦ពាន់លានដុល្លារអាមេរិក ហើយពិធីបញ្ចុះបឋមសិលាជាផ្លូវការ បានធ្វើរួចរាល់ហើយ ក្នុងក្រុងវៀងចន្ទន៍ កាលពីឆ្នាំមុន។

គម្រោងផ្លូវដែកក្នុងប្រទេសឡាវនេះ នឹងតភ្ជាប់ជាមួយគម្រោងក្នុងប្រទេសថៃ ជាផ្នែកមួយនៃផ្លូវដែកក្នុងតំបន់ ដែលគ្របដណ្តប់លើចម្ងាយប្រមាណ ៣ពាន់គីឡូម៉ែត្រ៕

lao-china-railway

មតិយោបល់