ព័ត៌មានសេដ្ឋកិច្ច

រោងចក្រកែច្នៃនាំចេញស្វាយ នៅខេត្តកំពង់ស្ពឺ បើកសម្ពោធជាផ្លូវការ

ខេត្តកំពង់ស្ពឺ ចាប់ផ្តើមមានរោងចក្រសម្រាប់នាំចេញស្វាយកែវល្មៀត ចេញទៅប្រទេសកូរ៉េ និងអឺរ៉ុប ដោយក្រុមហ៊ុន Hyundai Mao Legacy ទទួលទិញស្វាយចំនួន ៥ខេត្តរួមមាន កំពង់ស្ពឺ កំពង់ចាម តាកែវ ពោធិ៍សាត់ និងសៀមរាប។

កាលពីម្សិលមិញនេះ រោងចក្រវិចខ្ចប់ កែច្នៃ ឡចំហាយទឹកក្តៅ ដែលវិនិយោគដោយក្រុមហ៊ុន Mao Legacy បានប្រារព្ធពិធីបញ្ចុះបឋមសិលា ជាផ្លូវការហើយ។

លោក ម៉ៅ គន្ធពិសី ប្រធានក្រុមហ៊ុន Mao Legacy ធ្លាប់បានឲ្យដឹងថា ការនាំចេញផ្លែស្វាយ គឺទាមទារនូវគុណភាព សុវត្ថិភាព និងភាពស្រស់ជាចម្បង ត្រូវលាងសម្លាប់មេរោគ និងរៀបចំទុកដាក់វេចខ្ចប់ ដោយរក្សាក្នុងសីតុណ្ហភាពត្រជាក់ល្អមុនពេលនាំចេញ។

លោកបន្តថា ក្រុមហ៊ុនរបស់លោក នឹងជួយកសិករលើបច្ចេកទេសដាំដុះ ណែនាំពីការប្រើប្រាស់ជីធម្មជាតិល្អៗ មិនប្រើប្រាស់ជីគីមីនោះទេ ហើយចំពោះតម្លៃ ក្រុមហ៊ុននឹងកំណត់ឲ្យថេរ ជៀសវាងឡើងចុះតាមទីផ្សារ និងការបន្ទាបតម្លៃពីឈ្មួញកណ្តាល ព្រមទាំងកំណត់ថ្លៃជាថ្មី បើកសិករគោរពតាមការណែនាំ និងស្តង់ដារនាំចេញ។

គួររម្លឹកដែរថា ក្រុមហ៊ុន Mao Legacy គ្រោងនឹងនាំចេញផ្លែស្វាយប្រមាណ ៧ពាន់តោន ដល់ ១ម៉ឺនតោន នៅចុងឆ្នាំ ២០១៧នេះ ទៅកាន់ទីផ្សារកូរ៉េ និងទីផ្សារពិភពលោក៕

មតិយោបល់