ព័ត៌មានសេដ្ឋកិច្ច

CBS TVC និង Legend Tiger រួមគ្នាថតផ្សាយស្ប៉តពាណិជ្ជកម្មឈានមុខគេ នៅកម្ពុជា

ក្រុមហ៊ុនផលិតស្ប៉តពាណិជ្ជកម្មដ៏ធំជាងគេនៅកម្ពុជា គឺ ក្រុមហ៊ុន Cambodia Broadcasting Service (CBS) និង ក្រុមហ៊ុន Legend Tiger Investment បានហត្ថលេខាលើ កិច្ចព្រមព្រៀងមួយ ដើម្បីរួមបញ្ចូលគ្នាជា ក្រុមហ៊ុនតែមួយ ដើម្បីថតផ្សាយស្ប៉តពាណិជ្ជកម្មឈានមុខគេ នៅកម្ពុជា។

លោក ប៊ូ បញ្ញា នាយកប្រតិបត្តិក្រុមហ៊ុន Legend Tiger បានឲ្យដឹងថា លោកមានការរំពឹងខ្ពស់ ក្នុងការចាប់យកចំណែកទីផ្សារក្នុងស្រុក ហើយការរួមបញ្ចូលគ្នានេះ នឹងធ្វើឲ្យកញ្ចប់ស្ប៉តពាណិជ្ជកម្ម កាន់តែពិសេសបន្ថែមទៀត ពោលគឺ ទិញបានទាំងការផលិតស្ប៉ត បានទាំងការផ្សព្វផ្សាយ។

លោកបន្តថា ក្រុមហ៊ុនធំៗ មួយចំនួន នៅកម្ពុជា គឺបានចំណាយប្រមាណចាប់ពី ១លាន ដល់ ៥លានដុល្លារអាមេរិក ក្នុងការផលិតស្ប៉តពាណិជ្ជកម្មនៅក្រៅ តែនៅពេលនេះ គឺពួកគេអាចចំណេញច្រើន ដោយសហការជាមួយក្រុមហ៊ុនក្នុងស្រុក ដែលផ្តល់គុណភាពរហូតដល់ទៅ ៩០ភាគរយ បើធៀបនឹងផលិតកម្មក្រៅស្រុក។

លោក Bernard Anthony នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន CBS បានលើកឡើងដែរថា ការរួមបញ្ចូលគ្នានេះ គឺជាដំណឹងល្អសម្រាប់អតិថិជនខ្នាតតូច​ និងធំ ដោយក្រុមហ៊ុនតូចៗ មានឱកាសទិញកញ្ចប់សេវាកម្មក្នុងតម្លៃទាបជាងមុន ហើយអតិថិជនធំៗ អាចទទួលបានសេវាកម្ម ដែលមានភាពច្នៃប្រឌិត គុណភាពខ្ពស់ ក្នុងតម្លៃទាបផងដែរ។

គួរជម្រាបដែរថា ក្រុមហ៊ុន​ Legend Tiger នឹងក្លាយជាបុត្រសម្ព័ន្ធមួយរបស់ ក្រុមហ៊ុន CBS ហើយការវិនិយោគរួមគ្នានេះ នឹងអាចឲ្យកម្ពុជា អាចប្រកួតប្រជែងជាមួយនឹង បណ្តាក្រុមហ៊ុនផលិតស្ប៉តពាណិជ្ជកម្មក្នុងប្រទេសជិតខាង ដូចជាថៃ និងវៀតណាម៕

មតិយោបល់