ព័ត៌មានសេដ្ឋកិច្ច

អង្គរសង្ក្រាន្ត ៣ថ្ងៃ សៀមរាប ទទួលភ្ញៀវទេសចរជាង ១.៦លាននាក់

នាឱកាសបុណ្យចូលឆ្នាំខ្មែររយៈពេល ៣ថ្ងៃកន្លងទៅនេះ ខេត្តសៀមរាប ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង ១.៦លាននាក់។ នេះបើយោងតាមការប៉ាន់ស្មានរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ចំនួនភ្ញៀវទេសចរ មកកម្សាន្តនៅខេត្តសៀមរាប ឆ្នាំនេះ គឺមានកើនឡើងប្រមាណ ២៥ភាគរយ បើធៀបនឹងឆ្នាំ ២០១៦ ដែលមានភ្ញៀវទេសចរជាង ១.៣លាននាក់។

លោក ថោង ខុន បានបន្ថែមថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ ទាក់ទាញទាំងភ្ញៀវជាតិ​ និងអន្តរជាតិ ព្រមទាំងជួយផ្សព្វផ្សាយនូវ វប្បធម៌ប្រពៃណីខ្មែរ ហើយមានការលេងល្បែងប្រជាប្រិយ របាំ និងសកម្មភាពសិល្បៈជាច្រើនទៀត។

គួររម្លឹកដែរថា ត្រឹម ២ខែ ដើមឆ្នាំ ២០១៧នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៥៣ម៉ឺននាក់ ដែលស្មើនឹង ៤៥ភាគរយនៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅកម្ពុជា៕

មតិយោបល់